ភ្នំពេញ៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះ១ ធ្វើការឃាត់ខ្លួន និងដកហូតថ្នាំញៀន ៣កញ្ចប់, ដាវសាំម៉ូរ៉ៃចំនួន ២ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ដែលនៅត្រង់ចំណុចផ្ទះជួល ភូមិ២ ក្រុម១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង ៤នាក់ ទី១-ឈ្មោះ ទីន សូលី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ សន្តិសុខ (ប្រើប្រាស់), ទី២-ឈ្មោះ ទីន រូហ្សា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅផ្ទះជួល ភូមិទួល សង្កាត់ច្រាំចំរេះ២ ខណ្ឌឬស្សីកែវ, ទី៣-ឈ្មោះ ចាន់ វាសនា ហៅ អាព្រិច ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (អ្នកជួញដូរ) មានទីលំនៅផ្ទះគ្មានលេខ ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ និងទី៤-ឈ្មោះ ធ្លី រ៉ម៉ាន ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅផ្ទះលេខ១២២៧ ក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់សារធាតុញៀននៅចំណុចខាងលើ ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ព្រមទាំងបានដកហូតនៅម្សៅក្រាមពណ៌សថ្លា ចំនួន ៣កញ្ចប់, ដាវសាំម៉ូរ៉ៃចំនួន ២ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន ហើយសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសកសួរ។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់