ភ្នំពេញៈ បុរសអ្នករត់តាក់ស៊ីឯកជនម្នាក់ បើករថយន្ត១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ងោកមួយភាំង បានរេចង្កូតជ្រុលទៅបុករថយន្តកូរ៉េ និងរថយន្តតូយ៉ាតាព្រូស បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ៤ និង២០នាទី ទៀបភ្លឺឈានចូលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០
តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចហាងស៊ុបមានមាន ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ វ័យប្រហែល ៣០ឆ្នាំ បើករថយន្ត១គ្រឿង ម៉ាកតូយ៉ាតាព្រូស ពណ៌កណ្តុរ ពាក់ស្លាកលេខ ភ្នំពេញ 2AY-9061 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ មកដល់ចំណុចកើតហេតុ អ្នកបើករថយន្តងោកមួយភាំង ក៏រេចង្កូតមកឆ្វេងដៃ ជ្រុលទៅបុករថយន្តតូយ៉ាតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-5254 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងការខូចខាតខ្ទេចទ្វារខាងឆ្វេង ចំហៀងខាងក្រោយ ដោយភ្លាមៗនោះ រថយន្តបង្កមិនទាន់អស់ល្បឿន ខ្ទាតទៅបុកផ្ទប់នឹងរថយន្តកូរ៉េមួយគ្រឿងទៀត ពាក់ស្លាកលេខ ឆ3612ភព2 បណ្តាលឲ្យខ្ទេចអស់មួយកំណាត់ខាងមុខ ទៅមុខលែងរួច។
សំណាងល្អហេតុការណ៍នេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិត និងរងរបួសភាគីណាទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។
ក្រោយកើតហេតុភាគីខាងរថយន្តបង្ក សុខចិត្តសងសំណងទៅឲ្យខាងរថយន្តរងគ្រោះកូរ៉េចំនួន ២០០$ រីឯរថយន្តតូយ៉ាតាព្រូសវិញ ធានាជួសជុលឲ្យស្អាតដូចដើម៕




មតិយោបល់