ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវរថយន្តដឹកដីរបស់ក្រុមហ៊ុន KPY បើកបុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរគួរអោយរន្ធត់មួយបានបង្កឡើងដោយរថយន្តដឹកដីរបស់ក្រុមហ៊ុន KPY បើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកជាមួយម៉ូតូ មួយគ្រឿង បើកបរដោយយុវជនម្នាក់ជាជនជាតិវៀតណាម ត្រូវរថយន្តបង្កបុកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខចំណុចក្រុមហ៊ុន ជីធាន ខូអិលធីឌី ក្រុម៤ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ង្វៀង យុំាងថាន់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ចំណែកឯអ្នកបើកបររថយន្តដឹកដីនោះ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុតែប៉ុណ្នោះ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូ មួយគ្រឿង ម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB-8297 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខក្រុមហ៊ុនលាយស៊ីម៉ងត៍ ជីធាន ខូអិលធីឌី ក៏ត្រូវរថយន្ត មួយគ្រឿង ម៉ាក ហ៊ីណូ ពណ៌លឿង ពាក់ស្លាកលេខ កណ្តាល 3A-0183 បានបើកបរចេញពីក្នុងក្រុមហ៊ុនលាយស៊ីម៉ត៍ ក្នុងទិសដៅពីកើតមកលិច ក៏បានបុកជាមួយម៉ូតូជនរងគ្រោះបណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកើតហេតុតែម្តង។ ចំណែកឯម្ចាស់រថយន្តបង្កបានរត់គេខ្លួនបាត់ ដោយបានបន្សុលទុកតែរថយន្តនៅទីនោះ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់ រួចធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯសាកសព ជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើការបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕


ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=_n7VMXmpFz0&feature=youtu.be

មតិយោបល់