ព័ត៌មានជាតិ

Update: សង្ស័យផ្ទុះហ្គាស បណ្តាលឲ្យឆេះ កន្លែងលក់ឥវ៉ាន់ ១៦តូប អន្តរាគមន៍ទឹក ជិត១០រថយន្ត ទើបរលត់

កំពង់ឆ្នាំង:អគ្គិភ័យដែលបានឆេះផ្ទះប្រជាពលរដ្ឋ និងតូបលក់ដូររបស់ប្រជាពលរដ្ឋ នៅក្នុងផ្សារខេត្តកំពង់ឆ្នាំង ថ្ងៃទី៧ឧសភា ត្រូវបានសមត្ថកិច្ចអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង ប្រើអស់ទឹក ៩រថយន្តទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុង នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ។

មុននេះបន្តិច មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងបានប្រាប់ Post News ថាកាលពីយប់មិញ វេលាម៉ោង៣ទៀបភ្លឺ មានកើតករណីអគ្គីភ័យភ្លើងឆេះតូប លក់ដូរឥវ៉ាន់ចាបហួយ នៅចំណុចផ្សារផែ (មុខអង្គភាពជលផល) ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង។

ករណីនេះ ត្រូវបានមន្ត្រីនគរបាលបន្តថា បង្កឲ្យឆេះតូប លក់ឥវ៉ាន់ចាបហួយ ចំនួន១៦តូប ឆេះអស់ទាំងស្រុង១៤តូប ក្នុងមួយតូបៗប្រវែង ទទឹង២ម×បណ្ដោយ៣ម ដំបូលប្រកកៅស៊ូតង់ និងឆេះអស់សំភារៈទំនិញ ចាបហួយគ្រប់មុខ អស់ទាំងស្រុង។

ការសន្និដ្ឋានជំហានដំបូង ត្រូវបានមន្ត្រីនគរបាលសង្ស័យថាឆេះចេញពីចំណុចតូប លក់ស៊ុបពីខាងកើត ដែលក្នុងតូបនោះ មានធុងហ្គាសចំនួន១ ជាប់និងជើងក្រាន ដែលគ្មានមនុស្សនៅ។ បច្ចុប្បន្ន ករណីនេះ មន្ត្រីនគរបាលកំពុងស្រាវជ្រាវរកមូលហេតុឆេះបន្ត៕




មតិយោបល់