ព័ត៌មានជាតិ

ចូលរួមជិះកង់ដើម្បីបរិស្ថាន ជុំវិញក្រុងភ្នំពេញ ជាមួយមនុស្សជាង ៤០០០នាក់

ភ្នំពេញ: ជាថ្មីម្តងទៀត នៅក្នុងឱកាសប្រារព្ធទិវាអឺរ៉ុបឆ្នាំនេះ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រៀបចំព្រឹត្តិការណ៍មួយចំនួន ដើម្បីបង្ហាញពីការចូលរួមរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា រួមមានទាំងកម្មវិធី “អឺរ៉ុបលើកម្ពស់ការជិះកង់” Europe on a bicycle ដែលជាកម្មវិធីជិះកង់កម្សាន្តនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងនាព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែឧសភាឆ្នាំ ២០១៦ នៅពហុកីឡដ្ឋានអូឡាំពិក។

ព្រឹត្តិការណ៍ប្រារព្ធឡើងនៅក្រោមប្រធានបទ “សហភាពអឺរ៉ុបនិងកម្ពុជា: រួមគ្នាដើម្បីផែនដី” ការជិះកង់ដែលបច្ចុប្បន្នបានក្លាយជាកម្មវិធីមួយដ៏ល្បី ហើយដែលកម្មវិធីឆ្នាំនេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីបរិស្ថាន និងពីតម្រូវការក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានធម្មជាតិ របស់ប្រទេសកម្ពុជា និងភពផែនដីទាំងមូល។ សហភាពអឺរ៉ុប គឺជាអ្នកដឹកនាំនៅពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ទិវាអឺរ៉ុប ថ្ងៃទី៩ ខែឧសភា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក នៅក្នុងការរម្លឹកនូវសេចក្តីថ្លែងការណ៍ជាប្រវត្តិសាស្ត្រ របស់រដ្ឋមន្ត្រីការបរទេសបារាំង លោក Robert Schuman នៅថ្ងៃទី ៩ ខែឧសភាឆ្នាំ ១៩៥០ ដែលបានបើកទំព័រនៃដំណើរការកសាង សហភាពអឺរ៉ុបក្រោយពីការបំផ្លិចបំផ្លាញក្នុងសង្គ្រាមលោកលើកទី II ។ ទិវាអឺរ៉ុបគឺជាឱកាសល្អមួយសម្រាប់ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ពីតួនាទីរបស់សហភាពអឺរ៉ុបនៅលើពិភពលោកនិងក្នុងប្រទេសកម្ពុជាផងដែរ។

លោក George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជាបានឱ្យដឹងថា៖ “មនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាបានឮអំពីសហភាពអឺរ៉ុប ប៉ុន្តែពួកគេអាចមិនដឹងថាពួកយើងធ្វើអ្វីខ្លះនោះទេ។ តាមរយ:ព្រឹត្តិការណ៍ជាច្រើន យើងព្យាយាមពន្យល់និងចែករំលែកភាពជាគំរូរបស់សហភាពអឺរ៉ុប ដែលផ្តោតទៅលើ សន្តិភាព ប្រជាធិបតេយ្យ និងសាមគ្គីភាព និងការរួបរួមក្នុងភាពចម្រុះ”។

បន្ទាប់ពីការទទួលបានជោគជ័យក្នុងការរៀបចំកម្មវិធីសប្តាហ៍អឺរ៉ុបឆ្នាំ ២០១៥ ប្រតិភូសហភាពអឺរ៉ុបនៅឆ្នាំនេះជាថ្មីម្តងទៀត នឹងរៀបចំនូវព្រឹត្តិការណ៍នៅក្នុងឱកាសទិវាអឺរ៉ុប។ លោក George Edgar បានបន្ថែម៖ “ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប និងសហការីមកពី បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងធ្វើទស្សនកិច្ចនៅតាមសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង និងចូលរួមជាវាគ្មិននៅក្នុងវិទ្យុដើម្បី ជជែកពិភាក្សាអំពីសហភាពអឺរ៉ុប គោលដៅ និងសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និង ពិភពលោក។ ព្រឹត្តិការណ៍ដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺកម្មវិធី “អឺរ៉ុបលើក កម្ពស់ការជិះកង់” “Europe on a Bicycle” ដែលកម្មវិធីនេះទទួលការគាំទ្រពីសាលារាជធានីភ្នំពេញ និងមានប្រជាពលរដ្ឋរាប់ពាន់នាក់ចូលរួម។

លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានបន្ថែម៖ “នៅឆ្នាំនេះ យើងបានជ្រើសរើសប្រធានបទ “រួមគ្នាដើម្បីផែនដី” ដោយសារតែការជិះកង់ គឺជាមធ្យោបាយ ធ្វើដំណើរដ៏ល្អ គ្មានផ្សែង និងដោយសារតែបញ្ហាធំបំផុតមួយចំនួនដែលយើងប្រឈមមុខទាក់ទងនឹងបរិស្ថាន។ បំរែបំរួលអាកាសធាតុ គឺជាបញ្ហាដ៏ធំមួយ និងជាបញ្ហាប្រឈមសម្រាប់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះហើយវានឹងកាន់តែអាក្រក់បើយើងមិនធ្វើអ្វី មួយដើម្បីទប់ទល់វា។ រដ្ឋាភិបាលកម្ពុជាបានដឹងយ៉ាងច្បាស់ពីបញ្ហាប្រឈមយ៉ាងធំធេងនេះ និងធ្វើការយ៉ាងសកម្មទាំងនៅក្នុងស្រុកនិងក្នុងវេទិកាអន្តរជាតិ។ ប្រទេសកម្ពុជា បានចូលរួមជាមួយ សម្ព័ន្ធប្រែប្រួលអាកាសធាតុសកលរបស់សហភាពអឺរ៉ុប (European Union’s Global Climate Change Alliance)។ ប្រទេសកម្ពុជាជាប្រទេសសម្បូរដោយជីវចម្រុះ ហើយសហភាពអឺរ៉ុបបានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការគ្រប់ គ្រងធនធានធម្មជាតិរបស់ខ្លួននិងដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ យើងជឿថា វាមានសារសំខាន់ណាស់ ដែលប្រទេសមានធនធានចម្រុះដូចកម្ពុជាក្នុងការគ្រប់គ្រងធនធានរបស់ខ្លួនឲ្យបានគង់វង្ស”។

ការទទួលបានជោគជ័យយ៉ាងខ្លាំងត្រូវបានរំពឹងទុកជាថ្មីម្តងទៀត។ មានមនុស្សជាង ៤.០០០ នាក់ ត្រូវបានគេរំពឹងថានឹងធ្វើចូលរួមដើម្បីនិរន្តរភាពសម្រាប់ផែនដី។ ពហុកីឡដ្ឋានជាតិ អូឡាំពិកជាទីតាំងចេញដំណើរនិងក៏ជាទីផ្តាច់ព្រ័ត្រ ដំណើរនៃការជិះកង់កម្សាន្តនេះ នឹងឆ្លងកាត់ប្រតិភូសហភាពអឺរ៉ុបនិងស្ថានទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលមានវត្តមាននៅក្នុងរាជធានីភ្នំពេញ។ មនុស្សគ្រប់គ្នាត្រូវបានអញ្ជើញឱ្យចូលរួម៕

photo_2016-05-07_07-02-52
photo_2016-05-07_07-02-57 photo_2016-05-07_07-02-54 photo_2016-05-07_07-02-50

photo_2016-05-07_09-44-03 (2) photo_2016-05-07_09-44-03 photo_2016-05-07_09-44-02 photo_2016-05-07_09-44-06 photo_2016-05-07_09-44-05 photo_2016-05-07_09-44-04

មតិយោបល់