ស្ទឹងត្រែងៈ រថយន្តធុនធំដឹកសំរាមរបស់សាលាក្រុងស្ទឹងត្រែង បើកកៀរ និងកិនជើងលោកតាអាយុជាង៨០ឆ្នាំម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។
គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចជិតស្ពានថ្មប្រហែលជា៥០ម៉ែត្រ ស្ថិតក្នុងភូមិស្ពានថ្ម ក្រុង/ខេត្តស្ទឹងត្រែង។
អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តដឹកសំរាមខាងលើ បានបើកយឺតៗ ខណៈពេលកំពុងឲ្យកម្មករដើរជញ្ជូនសំរាមដាក់លើរថយន្ត ក្រោយមកជនរងគ្រោះក៏ដើរមកពីមុខរថយន្តក្នុងបំណងឆ្លងផ្លូវ ស្របពេលរថយន្តក៏បើកឆ្លងផ្លូវដូចគ្នា ក៏បានកៀរ និងកិនជនរងគ្រោះ បណ្តាលឲ្យបែកប្រអប់ជើងខាងឆ្វេងរងរបួសធ្ងន់។ ក្រោយហេតុការណ៍កើតឡើងភ្លាមតៃកុងបានបើកទ្វារត់ចោលរថយន្តភ្លាមៗផងដែរ។
រថយន្តបង្កម៉ាក DAEWOO ពណ៌សលាយខៀវ ពាក់ស្លាកលេខ ONG202-3-017 បើកបរដោយតៃកុងមានឈ្មោះ អ៊ុក ស៊ីថា អាយុ៤៨ឆ្នាំ រស់នៅ ភូមិត្រពាំងព្រីង ក្រុង/ខេត្តស្ទឹងត្រែង ព្រមទាំងកម្មករដែលជួយរើសសំរាម៥នាក់ទៀតផងដែរ។ ចំណែកជនរងគ្រោះឈ្មោះ ម៉េត ភីឡា ភេទប្រុស អាយុ៨៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (រងរបួសបែកប្រអប់ជើងធ្ងន់ធ្ងរ)។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានអ្នកឃើញហេតុការណ៍ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចអូសយកមករក្សារទុកក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង៕





មតិយោបល់