ព័ត៌មានជាតិ

ការស្វែងរកយន្តហោះ MH370 ម៉ាឡេស៊ី ដែលបានបាត់ខ្លួន កាលពីឆ្នាំ ២០១៤ ជាមួយអ្នកដំណើរនៅលើវា ២៣៩ នាក់ គឺត្រូវដល់ទីបញ្ចប់

បរទេសៈ ការស្វែងរកយន្តហោះ MH370 របស់ប្រទេសម៉ាឡេស៊ី ជាមួយអ្នកដំណើរនៅលើវា ២៣៩ នាក់ ដែលបានបាត់ខ្លួន កាលពីឆ្នាំ ២០១៤ ត្រូវបានមកដល់ទីបញ្ចប់ហើយ បន្ទាប់ក្រុមគ្រួសារជនរងគ្រោះ បានជូនដំណឹងថា កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកយន្តហោះនេះ ត្រូវបានគេផ្អាក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។

ក្រុមសាច់ញាតិជនរងគ្រោះ បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយ នៅថ្ងៃអង្គារនេះថា ការស្វែងរកក្រោមទឹករបស់អាជ្ញាធរអូស្ត្រាលី នៅចម្ងាយ ១២០.០០០ គីឡូម៉ែត្រការ៉េ ពីភាគខាងត្បូងមហាសមុទ្រឥណ្ឌា ត្រូវបានសន្និដ្ឋានថា ទទួលភាពជោគជ័យ ខណៈដែលការស្វែងរកនេះ អស់រយៈជាងពីរឆ្នាំមកហើយ។

កិច្ចប្រតិបត្តិការស្វែងរកយន្តហោះ MH370 ដែលបានបាត់ខ្លួននេះ គឺមានការចូលរួមដោយប្រទេសចំនួនបី គឺម៉ាឡេស៊ី ចិន និងអូស្រ្តាលី។

បើទោះបីជាមានការខិតខំប្រឹងប្រែង បូករួមទាំងវិទ្យាសាស្រ្ត និងការប្រើបច្ចេកវិទ្យាដ៏ទំនើប ដោយមានការផ្ដល់ដំបូន្មានពីអ្នកជំនាញជាន់ខ្ពស់យ៉ាងណាក៏ដោយ តែជាអកុសលពួកគេនៅតែមិនអាចកំណត់ទីតាំងស្វែងរកយន្តហោះនោះឃើញទ្បើយ។

គួរបញ្ជាក់ដែរថា ការសម្រេចចិត្តក្នុងការផ្អាកការស្វែងរកក្រោមទឹកនេះ គឺដោយសារមិនមានពន្លឺ នៃការបង្ហាញសញ្ញាផ្ដល់ក្ដីសង្ឃឹម សម្រាប់ការរុករកវាបន្តទៀតទ្បើយ៕

មតិយោបល់