ព័ត៌មានជាតិ

បង្ក្រាបមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់ ដកហូតកាំភ្លើងមួយដើម

ភ្នំពេញ: មុខសញ្ញាប្លន់ប្រដាប់អាវុធចំនួន២នាក់ រួមនឹងកាំភ្លើងខ្លីម៉ាក K54មួយដើម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការឆ្មក់ចូលបង្ក្រាបបានក្នុងផ្ទះសំណាក់ នាគទេព កាលពីវេលាម៉ោង ១១ និង៣០នាទី នៅចំណុចផ្ទះសំណាក់នាគទេព ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ សុវណ្ណ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅភូមិព្រៃឫស្សី ឃុំព្រៃឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និងជនសង្ស័យទី២ឈ្មោះ ម៉ៅ ឌីយ៉ាម៉ង់ ភេទប្រុស អាយុ២២ឆ្នាំស្រុកកំណើត សង្កាត់វាលវង់ ខណ្ឌ៧មករា។ បច្ចុប្បន្នស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន អាវុធខ្លីចំនួន១ដើមម៉ាក K54លេខ1949 បង់ចំនួន១ គ្រាប់ចំនួន៧គ្រាប់, ម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌សគ្មានស្លាកលេខ (មានស្នាមគាស់ស្លាកលេខចេញ) ដែលជនសង្ស័យប្លន់បាននៅមុខខារ៉ាអូខេ សំរិទ្ធ ពេជ្រ នៅក្នុងទឹកដីខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៦មករា នេះ រួមនឹងទូរសព្ទដៃ១គ្រឿង ម៉ាកសាំសុង ពណ៌ស។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សុវណ្ណ ដារ៉ា បានសារភាពថា អាវុធខ្លីនិងម៉ូតូខាងលើ នេះជារបស់ឈ្មោះ ជឺ ដែលជាមេក្លោងរបស់ខ្លួន បានរត់គេចខ្លួនមុនពេលកម្លាំងយើងទៅដល់ហើយឈ្មោះ ជឺ នេះទើបចេញពីពន្ធនាគា (ពីបទប្លន់)។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែម និងកសាងសុំណុំរឿងបញ្ជូនខ្លួនឡើងទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់