ព័ត៌មានជាតិ

ទៀតហើយ! សមត្ថកិច្ចរកឃើញ ងៀតបបែល មានសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅផ្សារគគីរ​ស្រុកកៀនស្វាយ

កណ្តាលៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ​នៅថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ ដែលមានដាក់តាំងលក់នៅ ផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ នៅលើផលិតផលម្ហូបអាហារមួយចំនួនដូចជា៖ ត្រីងៀត សាច់ក្រក និងងៀតត្រីបបែល។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតងៀតបបែល ដែលមានវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន ១២.៥ គីឡូក្រាម យកមករក្សាទុកដើម្បីដុតកម្ទេចចោល និងបានដកយកគំរូបន្លែ ចំនួន ១៥ គំរូ ដូចជា ត្រប់ស្រួយ ពពាយ ត្រកួន ត្រប់ ស្ពៃខ្មៅ តាំងអោ ខ្ទឹមក្រហម សាឡាត់ ស្ពៃចង្កិះ ននោងជ្រុង ស្ពៃបូកគោ ខ្ទឹមបារំាង និងត្រប់គ្រាំរមាស បញ្ជូនទៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីធ្វើការវិភាគរកសំណល់ថ្នាំកសិកម្មបន្ថែមទៀត។

ក្នុងឱកាសនោះដែរ មន្ត្រីកាំកុងត្រូលបានណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពី អនាម័យនៃការដាក់លក់ចំណីអាហារ ជៀសវាងធ្វើឱ្យផលិតផលខូចគុណភាព មានចម្លងមេរោគ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕

មតិយោបល់