ព័ត៌មានអន្តរជាតិ

លោកស៊ី អំពាវនាវឲ្យពិភពលោក គ្មានអាវុធនុយក្លេអ៊ែរ ដើម្បីសមភាពសម្រាប់ប្រជាជាតិទាំងអស់

ស្វ៊ីសៈ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវឲ្យពិភពលោក គ្មានអាវុធនុយក្លេអ៊ែរ នៅឯអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ និងបានជំរុញឲ្យប្រព័ន្ធពហុភាគីទាំងអស់ ផ្អែកលើភាពស្មើគ្នា ក្នុងចំណោមប្រទេសធំ និងតូច។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

សុន្ទរកថារបស់លោក នៅឯអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ជាដំណើរទស្សនកិច្ចការទូតចុងបញ្ចប់មួយ ដោយក្នុងនោះរួមបញ្ចូលទាំងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស មុនថ្ងៃលោក ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក។

ក្រុមអ្នកវិភាគមួយចំនួន បានមើលឃើញថា ដំណើរទស្សនកិច្ចរបស់លោកស៊ី មកកាន់ប្រទេសស្វ៊ីសលើកនេះ គឺដើម្បីចាប់យកឱកាសក្នុងការដឹកនាំជាសកល នៅចំពេលដែលក្រុងវ៉ាស៊ីនតោន មិនទាន់មានភាពច្បាស់លាស់ ឬមិនអាចទាយទុកបានមុនអំពីនយោបាយការបរទេសរបស់អាមេរិក។

លោកស៊ីបាននិយាយថា «អាវុធនុយក្លេអ៊ែរ គួរតែត្រូវបានហាមឃាត់ និងបំផ្លាញទាំងស្រុង ដើម្បីធ្វើឲ្យពិភពលោគ្មានវា ហើយទទួលបានសេរីភាព»។

លោកបានឲ្យដឹងទៀតថា «យើងគួរតែបញ្ចប់ឥទ្ធិពលវា ក្នុងនាមជាប្រទេសមួយ ឬប្រទេសជាច្រើនទៀត ដោយលោកបានបន្ថែមថា ប្រទេសមហាអំណាចគួរគោរពផលប្រយោជន៍គ្នាទៅវិញទៅមក»។

គួរបញ្ជាក់ដែរថា ចិនបានក្លាយជាប្រទេសមហាអំណាចនុយក្លេអ៊ែរតាំងពីឆ្នាំ ១៩៦៤ ៕

មតិយោបល់