ព័ត៌មានជាតិ

ទំនាស់ជិះម៉ូតូប៉ះគ្នា បន្តិចបន្តួច ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញៈ ក្មេងស្ទាវ២ក្រុម គ្រាន់តែភាគីម្ខាងជិះតាមសួរមូលហេតុ បែរជាគិតស្មានថាជាករណីវាយប្លន់រត់ចោលម៉ូតូ ត្រូវបានភាគីដែលជិះតាមសួរនាំយកម៉ូតូមកប្រគល់ឲ្យសមត្ថកិច្ចព្រោះខ្លាចបាត់ ទើបដឹងថា ជាការជិះប៉ះបន្តិចបន្តួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី យប់ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោយមន្ទីរពេទ្យកុមារជាតិ តាមបណ្តាយផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញភាគីខាងម៉ូតូម៉ាក Zoomer-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FP-3299 បានផឹកស៊ីនៅក្នុងហាងFacebook ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ចំណែកភាគីម្ខាងទៀតមានគ្នា៥នាក់ បានផឹកស៊ីនិងច្រៀងខារ៉ាអូខេនៅហាង ញូស្តារ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ ភាគីទាំង២បានជិះម៉ូតូចេញពីស៊ីផឹក ជិះម៉ូតូមកប៉ះគ្នានៅម្តុំភោជនីយដ្ឋាន ទីក្រុងអាន់ឆ័រ ផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ ពេលនោះ ភាគីដែលមានគ្នា៥នាក់ បានជិះម៉ូតូតាមទៅសួរនាំ រហូតដល់ក្រោយមន្ទីរពេទ្យកុមារជាតិ ស្រាប់តែភាគីដែលមានគ្នា៣នាក់ បានផ្តួលម៉ូតូចោលរត់គេចខ្លួនចោលទៅមន្ទីរពេទ្យកុមារជាតិបាត់តែម្តង។

ប្រភពដដែលបន្តថា ដោយសារខ្លាចបាត់ម៉ូតូនោះ ភាគីដែលមានគ្នា៥នាក់ បានលើកយកម៉ូតូនេះជិះយកទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ដើម្បីរក្សាទុក។

ចំណែកភាគីដែលមានគ្នា៣នាក់ បានទូរស័ព្ទប្រាប់បងប្អូនរបស់ខ្លួនថា មានករណីគេវាយប្លន់យកម៉ូតូ ពេលដែលទៅប្តឹងសមត្ថកិច្ចក៏បានឃើញម៉ូតូនៅស្នាក់ការប៉ុស្តិ៍។ក្រោយពីជួបគ្នាភាគីទាំងពីរ ជាមិត្តភក្តិស្គាល់រាប់អានគ្នា និងមានទីលំនៅក្បែរគ្នា (ក្នុងសង្កាត់ផ្សារដេប៉ូទី៣) ហើយបានសម្រួលគ្នា ដោយពុំមានការប្តឹងផ្តល់ គ្នានោះឡើយ ព្រោះថាទំនាស់នេះ ពុំមានភាគីណារងរបួសនោះឡើយ ហើយភាគីទាំងពីរ បានយកម៉ូតូត្រឡប់ទៅផ្ទះវិញរៀងខ្លួនផងដែរ៕

មតិយោបល់