ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ត្រូវនឹងថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញ នៅផ្សារវាលយន្ត ក្រុងបាវិត ខេត្តស្វាយរៀង។
ដោយមន្ត្រីជំនាញបានដកហូតយកគំរូម្ហូបអាហារចំនួន ២៣ គំរូ មានដូចជា៖ ប្រហុក សណ្តែកបណ្តុះ ត្រយូងចេកហាន់ គល់ស្លឹកគ្រៃបុកគ្រឿង ស្លឺកខ្ទឺម ជ្រក់ បង្អែម សរសៃគុយទាវ នំបញ្ចុក បន្លែ និង គ្រឿងផ្សំសម្លនំបញ្ចុកមកធ្វើតេស្តបឋម ដើម្បីស្រាវជ្រាវ ទប់ស្កាត់ ការដាក់តាំងលក់ ផលិតផលទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងមានផ្ទុកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
* ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ ងៀតបបែល ចំនួន ១៥ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។
ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់