ព័ត៌មានជាតិ

Update: សុំលុយប្រពន្ធទិញរ៉ឺម៉កមិនបាន​ មកលោតទឹកសម្លាប់ខ្លួន​

ភ្នំពេញៈ បន្ទាប់ពីមានការភ្ញាក់ផ្អើល ដោយសារ​ប្រទះឃើញសាកសពបុរសម្នាក់មានសភាព​ហើមស្អុយ អណ្តែតក្នុងទន្លេ មកទើនៅច្រាំងទន្លេខាងក្រោយសណ្ឋាគារ កាំបូឌីយ៉ា កាលពីវេលាម៉ោង ៨ និង១០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មានស្រ្តីម្នាក់បានអះអាងថា សាកសពខាងលើ គឺជាប្ដីរបស់គាត់មានឈ្មោះ ចិន​​ តេ​ អាយុ៥២ឆ្នាំ ស្នាក់នៅផ្ទះជួល ម្ដុំរោងចក្រឆ្នាំង សង្កាត់បឹងកក់1​​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រពន្ធសាកសពបានបន្តទៀតថា មូលហេតុដែលប្តីរបស់គាត់សម្រេច​ចិត្តមកលោតទឹក​ពីលើស្ពានជ្រោយចង្វារ​សម្លាប់ខ្លួននេះ គឺកាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ២០១៧ ពួកគាត់ទាំងពីរបាន​ទាស់ពាក្យសម្ដីគ្នា ដោយប្តី​របស់គាត់បាន​សុំលុយទិញរ៉ឺម៉ក តែគាត់(ប្រពន្ធ)ប្រាប់ថា មិនមានលុយទេ ក្រោយមកនៅល្ងាចថ្ងៃដដែល ប្តីរបស់គាត់បានផឹកស្រាស្រវឹង​ ហើយផ្ដាំផ្ញើក្មួយៗដែលនៅជិតខាងថា គាត់មកលោតទឹកសម្លាប់ខ្លួនហើយ​។

ក្រោយពីបាត់ប្ដីគាត់ជាប្រពន្ធនិងកូនបានព្យាយាមដើររកដែរ តែមិនឃើញ ទើបនៅព្រឹកថ្ងៃកើតហេតុខាងលើ គាត់ទទួលបានដំណឹងមានគេប្រទះឃើញសាកសពអណ្ដែតទឹក ហើយគាត់បានមកមើលពិតជាប្ដីរបស់គាត់មែន។

បច្ចុប្បន្នសាកសព ក្រោយពី​ធ្វើកោសលវិច័យរួច សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/VbjwToqNIms

មតិយោបល់