ឧត្តរមានជ័យៈ លោកអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានប្រាប់ Post News ថា មានជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៧នាទី ល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចត្រពាំងប្រលិត ស្ថិតក្នុងភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោកអធិការបានបន្តថា ជនសង្ស័យមានឈ្មោះ ខុម ម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិរុងរឿង ឃុំអំពិល ស្រុកបន្ទាយអំពិល។ ចំណែកជនរងគ្រោះឈ្មោះ ថ.ត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល។
លោកបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូតាមជនរងគ្រោះ ដល់ចំណុចកើតហេតុខាងលើ ជនបង្កបានជិះម៉ូតូទៅឈប់ពីមុខជនរងគ្រោះ ហើយជនរងគ្រោះបានផ្ដួលម៉ូតូរត់ចូលព្រៃស្រែកឲ្យគេជួយ ជនសង្ស័យបានរត់តាម យកដំបងវាយជនរងគ្រោះពីក្រោយ បណ្តាលឲ្យដួលសន្លប់បម្រុងធ្វើសកម្មភាពរំលោភ ស្រាប់តែមានប្រជាពលរដ្ឋជិះម៉ូតូឆ្លងកាត់ ហើយជនសង្ស័យបានយកទូរសព្ទ ជនរងគ្រោះឡើងម៉ូតូទៅបាត់ ពេលទៅដល់ភូមិទទឹងថ្ងៃ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរសព្ទចំនួន១គ្រឿងទៀត។
ក្រោយពីទទួលបានព័ត៌មាន និងពាក្យណ្តឹង ពីជនរងគ្រោះ កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្ថិ៍ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាតាមឃាត់ខ្លួនបាននៅវេលាម៉ោង១០និង៤០នាទីយប់ ត្រង់ចំណុចភូមិសិង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល និងដកហូតម៉ូតូចំនួន១គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ០១២ ដែលជិះធ្វើសកម្មភាព និង ទូរសព្ទដៃចំនួន ២ គ្រឿង ដែលជារបស់ជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕







មតិយោបល់