ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិប៉ាគីស្ថានម្នាក់ ពាក់ពន្ធ័ករណីបន្លំយកប្រាក់ក្នុងផ្ទះសំណាក់GBT

ព្រះសីហនុ: កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់បង្ក្រាបនិងចាប់ខ្លួនបុរសជនជាតិប៉ាគីស្ថានម្នាក់ ពាក់ពន្ធ័ករណីបន្លំយកប្រាក់ នៅក្នុងផ្ទះសំណាក់ ជីប៊ីធី(GBT) ដកហូតបានលុយមួយចំនួនធំ ។

ការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង១០នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់ ជីប៊ីធី (GBT) ក្នុងក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ MUHAMMAD HUSSAIN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរទេសចរ។ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ផុក មេបញ្ជាការស្តីទី ចុះទៅធ្វើការចាប់ខ្លួន ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុក ជីវ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងការចាប់ខ្លួននេះដែរ សមត្ថកិច្ចធ្វើការដកហូតបានប្រាក់ដុល្លារចំនួន ៨៨៤ ដុល្លារ, ប្រាក់ចិនចំនួន៧៣០ , ប្រាក់ប៉ាគីស្ថានចំនួន៦៥០, ប្រាក់រៀលចំនួន ៥០០រៀល, អត្តសញ្ញាណបណ្ណ័ ចំនួន១សន្លឹក, ទូរសព្ទដៃ ម៉ាកសាំសុង ពណ៌ស ចំនួន១គ្រឿង និងលិខិតឆ្លងដែនចំនួន១ច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់