ភ្នំពេញ៖ ប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបង្ហើបឱ្យដឹងថា ជនសង្ស័យឈ្មោះ កែវ ល្យាណ ដែលត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ គឺពាក់ព័ន្ធនឹងករណីឆបោកលុយចំនួន ១៨ម៉ឺនដុល្លារពីស្រីវ័យ៥០ឆ្នាំ ដែលមានងារជាជំទាវ ក្រោមរូបភាពលក់ដូរ រូបបដិមា ព្រះគីណេស ធ្វើពីសំរិទ្ធ ចំនួន ២ព្រះអង្គ។
ប្រភពបានបន្តថា ជនសង្ស័យឈ្មោះ កែវ កល្យាណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជាអតីតសង្ឃបួសនៅវត្តអាស្រមឧត្តមព្រៃមាន ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្គាល់ជំទាវជាជនរងគ្រោះ ហើយបានណែនាំថា ខ្លួនមានរូបបដិមាព្រះគីណេសធ្វើអំពីសំរិទ្ធ ២ព្រះអង្គ ដែលជាវត្ថុសក្តិសិទ្ធិ អាចការពារអាយុជីវិត និងជួយឱ្យរកស៊ីមានបាន ដែលលក់ក្នុងតម្លៃ ១៨ម៉ឺនដុល្លារអាមេរិក។
ក្រោយពីការជឿជាក់ទៅលើសង្ឈម្នាក់នោះ ជំទាវខាងលើក៏សម្រេចចិត្តដាក់លុយចូលទៅក្នុងគណនីធនាគារេបស់ជនសង្ស័យគ្រប់ចំនួន ១៨ម៉ឺនដុល្លារ។ ក្រោយបើកលុយពីធនាគារបានគ្រប់ចំនួនហើយ ជនសង្ស័យបានបិតសាប៊ូរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ទើបសមត្ថកិច្ចបានឃាត់ខ្លួនកសាងសំណុំរឿងតាមបណ្តឹងរបស់ជនរងគ្រោះ និងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា សំណុំរឿងនេះស្ថិតនៅក្រោមចំណាត់ការរបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលនឹងបន្តនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ស្អែកទៀត៕
មតិយោបល់