ភ្នំពេញ៖ យោងតាមប្រភពពីសមត្ថកិច្ចនគរបាល បានថ្លែងប្រាប់ភ្នាក់ងារ Post News ប្រចាំខណ្ឌឬស្សីកែវថា លោក ហ៊ឹង ប៊ុនថន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងជនសង្ស័យឈ្មោះ ជិន នាង ភេទស្រី អាយុ ៤១ឆ្នាំ ដែលជាម្ចាស់ផ្ទះសំណាក់ យីហោ លីហ្សា ឱ្យមានសេរីភាពវិញហើយកាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ម្សិលមិញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលភ្នាក់ងារ Post News ប្រចាំខណ្ឌឬស្សីកែវទទួលបាន បានបញ្ជាក់ថា ផ្ទះសំណាក់យីហោ លីហ្សា មានទីតាំងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវគឺជាទីតាំងដែលមានភាពអសកម្ម យកស្លាកអាជីវកម្មផ្ទះសំណាក់ធ្វើជាជម្រកឱ្យសមាសភាពមិនល្អធ្វើជាទីកន្លែងសំរាប់ប្រើប្រាស់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានលើកឡើងថា កន្លងមកទីតាំងផ្ទះសំណាក់ លីហ្សា ពីដើមឡើយមានឈ្មោះ អាលីហ្សា ធ្លាប់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងបានបិទទ្វាជាបណ្ដោះអាសន្នមួយរយៈ ស្រាប់តែ ស្ងាត់ៗក៏បើកដំណើរការវិញយ៉ាងរលូន ដោយគ្រាន់តែប្តូរឈ្មោះទៅជា លីហ្សា តែប៉ុណ្ណោះ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានជាច្រើនបានលើកឡើងថា ជនសង្ស័យឈ្មោះ ជិន នាង ជាម្ចាស់ផ្ទះសំណាក់យីហោ លីហ្សា គ្មានវាសនាជាប់គុកនោះទេ ព្រោះស្ត្រីរូបនេះមាន ប្តីជាកងកម្លាំងសមត្ថកិច្ច ចាំជួយជ្រោមជ្រែក និងរត់ការ សម្រួលការងារយ៉ាងរលួន។ ការបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ជិន នាង ទៅកាន់តុលាការគឺជារឿងអស្ចារ្យណាស់ទៅហើយ ក៊ំរំពឹងទៅដល់ការដាក់ទោសស្ត្រីជើងខ្លាំងរូបនេះនោះ គឺគ្មានផ្លូវទេ ព្រោះបើស្ត្រីរូបចេះជាប់គុក គឺជាប់យូរហើយ មិនមែនបង្ក្រាបរាប់ដងហើយរួចខ្លួនរហូតនោះទេ។
គួររំលឹកថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការ លោកវរៈសេនីយ៍ឯក ទៀង ចន្ទ័សារ អធិកានៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ក្រោយការសម្របសម្រួលរបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កាលពីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧កន្លងទៅបាន ឆ្មក់ចុះទៅបង្ក្រាបក្រុមជនសង្ស័យគ្រឿងញៀនប្រុសស្រីបានចំនួន ១៥នាក់ (ស្រី ៥នាក់) និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ជិន នាង ជាម្ចាស់ទីតាំងផ្ទះសំណាក់យីហា លីហ្សា មានទីតាំងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ក្រោយត្រួតពិនិត្យបន្ទប់ចំនួន ៧ក្នុងនោះ បន្ទប់ដែលមានសកម្មភាពប្រើប្រាស់គ្រឿងញៀន ចំនួន ៥បន្ទប់ និងបន្ទប់រក្សាទុកសារធាតុញៀន និងឧបករណ៍ ចំនួន ២បន្ទប់។ ហើយសមត្ថកិច្ចបានដកហូតបានម្ស៉ៅក្រាមពណ៌សថ្លាចំនួន ១៩ កញ្ចប់ (១កញ្ចប់ធំ និង១៨កញ្ចប់តូច) សង្ស័យថា ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកក) និងឧបករណ៍សំរាប់បំរើសកម្មភាពសេពគ្រឿងញៀនមួយចំនួនធំ ផងដែរ៕
ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=mATOn_k5qbk&feature=youtu.be
មតិយោបល់