ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សម្ផស្ស លែងប្ដីអេតាស៊ីវិលក្រៅតុលាការ

យោងតាមប្រភពចុងក្រោយបានអះអាងថា តារាសម្ដែងនាងមាស សម្ផស្ស និងស្វាមី ដែលក្នុងពេលមុនបានឈ្លោះប្រកែកគ្នាព្រោះតែនារីទី៣នោះ ការពិតពួកគេបានលែងគ្នាហើយ ដោយភាគីទាំងពីរបានស្ម័គ្រចិត្តលែងគ្នាត្រឹមឃុំសង្កាត់ និងមានចាស់ទុំដឹងឮ។ បន្ថែមពីលើដំណឹងលែងគ្នា ភាគីទាំងពីរក៏ត្រូវគេទម្លាយថាផ្ទុះរឿងចោទគ្នា បណ្ដាលអោយមានសង្គ្រាមពាក្យសម្ដីផ្ទុះឡើងនោះផង។

ប្រភពដែលអាចទុកចិត្តបានអះអាងនៅពីក្រោយភាពស្ងប់ស្ងាត់រវាងតារាសម្ដែងនាងមាស សម្ផស្ស និងលោកវីលៀម ជាស្វាមីភរិយាមានអេតាស៊ីវិល ការពិតមិនមែនផ្សះផ្សារនោះទេ ប៉ុន្តែគឺជាជម្រើសលែងគ្នាទៅវិញទេ បន្ទាប់ពីភាគីខាងស្រីបណ្ដេញខាងប្រុសអោយចុះចេញពីផ្ទះជាទ្រព្យរបស់ខ្លួនដែលពួកគេរួមរស់ ហើយភាគីខាងប្រុសក៏យល់ព្រមផ្ដិតមេដៃលែងលះនៅត្រឹមឃុំសង្កាត់ ដើម្បីបញ្ចប់ជីវិតប្ដីប្រពន្ធនៅក្រៅតុលាការ។

ព័ត៌មាននេះត្រូវបានទម្លាយចេញ បន្ទាប់ពីមាស សម្ផស្ស និងអតីតស្វាមីបានផ្ទុះជម្លោះដាក់គ្នាជាថ្មី ដោយមាស សម្ផស្ស ចោទថាខាងប្រុសបាននិយាយបង្ខូចឈ្មោះខ្លួន និងគំរាមនាងធ្វើអោយនាងខ្មាស់គេ។ ពាក់ព័ន្ធនឹងករណីនេះ បើទោះជាមាស សម្ផស្ស មានបំណងចង់បិទបាំង ប៉ុន្តែចុងក្រោយនាងបានទទួលស្គាល់។

តារាសម្ដែងរូបនេះនិយាយថារឿងរ៉ាវរបស់នាង និងលោកវីលៀម គឺនាងមិនចង់ហែកហួរនាំអោយមានដឹងឮនោះទេ ប៉ុន្តែនាងថាក្រដាស់ពិតជាមិនអាចខ្ចប់ភ្លើង។ នាងថាដោយសារតែអតីតស្វាមីនិយាយអាក្រក់ពីខ្លួនក្រោយពេលលែងលះ ទើបនាងមិនអាចទទួលយកបាន ជាពិសេសចំពោះពាក្យសម្ដីដែលបានចោទថានាងមានគម្រោងចង់លែង និងថាលោកអាចទម្លាយរឿងអាស្រូវច្រើនយ៉ាងធ្វើអោយនាងខ្មាស់គេ។

នាងថាបើនាងជាអ្នកចង់លែង ចុះសម្ព័ន្ធស្នេហ៍រវាងលោក និងនារីទី៣ម្នាក់ដែលបណ្ដាលអោយនាងឈានដល់ការសុំលេង តើអ្នកណាបង្កើតឡើង។ ក្នុងនោះនាងក៏ថាត្រៀមវាយបកចំពោះលោកវីលៀមផងដែរ ប្រសិនបើលោកមានបំណងបង្ខូចកិត្តិយសរបស់នាងណាមួយដូចអ្វីដែលបានទម្លាយប្រាប់គេ។ យ៉ាងណាមិញ ជុំវិញការចោទថាលោកមានស្រី និងរឿងដែលមាស សម្ផស្ស បានបញ្ជាក់ប្រាប់ គឺលោកវីលៀមបញ្ជាក់ថាខ្លួនមិនបានប្រព្រឹត្តិ ដោយលោកពោលថាក្រោយព្រមលែងគ្នា ចង់មាស សម្ផស្សមានបំណងធ្វើអី ក៏លោកមិនបាននិយាយ៕

មតិយោបល់