ព័ត៌មានជាតិ

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមករា បង្ក្រាបជិត៣០ករណី ឃាត់ខ្លួនជាង៦០នាក់

ភ្នំពេញ: យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀន២៧ករណី ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦៨នាក់ (ស្រី៧នាក់) នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន១៦ករណី ឃាត់ខ្លួនបាន៣២នាក់ (ស្រី៤) និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ១១ករណី ឃាត់ខ្លួនបាន៣៦នាក់(ស្រី៣) និងរួមទាំងវត្ថុតាង មាន មេតំហ្វេតាមីន(ice)ចំនួន ៨៤២,០៣ក្រាម, ៤កញ្ចប់ធំ និង១៤កញ្ចប់តូច, កញ្ឆាក្រៀមចំនួន ២,៤៨ក្រាម។

លទ្ធផលដែលឃាត់ខ្លួនជនសង្ស័យទាំង៦៨នាក់ និងសារធាតុញៀននេះ មាន១៣អង្គភាពបាន ចូលរួមបង្ក្រាប រួមមាន៖ទី១.បន្ទាយមានជ័យ ២.កំពង់ស្ពឺ ៣.កំពង់ធំ ៤.កំពត ៥.កណ្ដាល ៦.រតនះគីរី ៧.ព្រះសីហនុ ៨.ស្វាយរៀង ៩.តាកែវ ១០.ត្បូងឃ្មុំ ១១.ស្ទឹងត្រែង ១២.កំពង់ចាម ១៣.រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយ:ពេល៦ខែ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕

មតិយោបល់