ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក្របួចបានជនសង្ស័យមួយក្រុមមានគ្នា០៥នាក់ ពាក់ព័ន្ធករណីឃាតកម្មកាលពីពេលថ្មីៗនេះ និងអំពើលួចប្លន់ជាច្រើនកន្លងមក កាលពីវេលាម៉ោង៣និង១៥នាទីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។
ប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ក្រុមជនល្មើសមានគ្នា០៥នាក់ក្នុងនោះមាន០២នាក់ជាជនដៃដល់ក្នុងការធ្វើសកម្មភាពប្រើដាវកាប់ទៅលើជនរងគ្រោះ០២នាក់ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ បណ្តាលឲ្យស្លាប់០១នាក់ និងរបួសធ្ងន់០១នាក់ នៅចំណុចក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
មន្ត្រីជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ដែរ គិតតាំងពីពេលឃាត់ខ្លួន រហូតទល់យប់ជ្រៅ កម្លាំងរបស់លោកនូវមិនទាន់សួរចម្លើយជនសង្ស័យទាំង ៥នាក់នោះបាននៅឡើយទេ ដោយពួកគេកំពុងបែកថ្នាំខ្លាំង។ ក្នុងព្រឹត្តិការណ៍បង្ក្រាបនោះផងដែរ សមត្ថកិច្ចអាវុធហត្ថដកហូតវត្ថុតាងជាក់ស្តែង រួមមាន៖ ១-ម៉ូតូចំនួន០៤ គ្រឿង, ២- ម្សៅក្រាមសថ្លាមួយកញ្ចប់, ៣-គ្រឿងបន្លាស់ម៉ូតូមួយចំនួនធំ, ៤- ដាវមួយដើម, ៥- សំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន, ៦-សោរដោះម៉ូតូមួយចំនួន៕
មតិយោបល់