ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មីស៊ីឆ្លងទ្វីបកូរ៉េខាងជើង អាចនឹងបាញ់ទ្បើង ដើម្បីស្វាគមន៍ថ្ងៃលោក ត្រាំ ស្បថចូលកាន់តំណែង

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា កូរ៉េខាងជើងអាចនឹងរៀបចំ ការធ្វើតេស្តសាកល្បងមីស៊ីលថ្មីមួយ ដែលចាប់ផ្តើមប៉ុន្មានថ្ងៃទៀត ឬសប្តាហ៍ខាងមុខនេះ ខណ:ដែលក្រុមមន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តេស្តនេះ អាចនឹងត្រូវបានធ្វើទ្បើងចំថ្ងៃ ស្បថចូលកាន់តំណែងរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅសេតវិមាន។ នេះបើយោងតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បាននិយាយថា ក្រុងព្យុងយ៉ាង អាចនឹងត្រៀមធ្វើតេស្តបាញ់ បង្ហោះមីស៊ីលឆ្លងទ្វីប (ICBM) នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានអភិវឌ្ឍវាឲ្យប្រសើរទ្បើង ចំពេលវេលានៃការចូលកាន់តំណែងរបស់លោក ត្រាំ។

ក្នុងនោះដែរ ក្រុមមន្ត្រីអាមេរិក បានប្រាប់ទីភ្នាក់ងារ Reuters ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ទោះជាយ៉ាងណា ពួកគេនៅពុំទាន់ច្បាស់លាស់ អំពីពេលវេលានៃការធ្វើតេស្តមីស៊ីល ដ៏មានសក្តានុពលរបស់ ទីក្រុងព្យុងយ៉ាងនៅទ្បើយទេ តែតេស្តនេះ វាគួរតែកើតឡើងឆាប់នេះ។

មន្ត្រីស៊ើបការណ៍សម្ងាត់របស់អាមេរិក ដែលឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងជើង បាននិយាយថា «ប្រសិនបើកូរ៉េខាងជើងចង់ធ្វើអ្វីមួយនោះ វាអាចជាតេស្តមីស៊ីលថ្មីមួយ សម្រាប់លោក ត្រាំ ដោយពួកគេប្រហែលជាចង់មើលពីការប្រតិកម្មរបស់លោក ហើយប្រសិនបើពួកគេពិតជាចង់ចឹងមែននោះ ជារឿងដ៏ត្រឹមត្រូវដែលពួកគេនឹងធ្វើវា។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់មេដឹកនាំលោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងកាន់តែជិតដល់ពេលសាកល្បងបាញ់បង្ហោះមីស៊ីលឆ្លងទ្វីបមួយ ដែលអាចនឹងចាប់ផ្ដើមនៅពេលណាមួយក៏បាន៕

មតិយោបល់