ព័ត៌មានជាតិ

កុងតឺន័រ បុកនិងកិនម៉ូតូស្មាស បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកនិងកិនម៉ូតូម៉ាកស៊ុយសាគីស្មាស ដែលកំពុងបើកបរដោយបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អ្នក ឧត្តម ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥៦ ស្ថិតក្នុងខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3C-5163 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ក៏បុកជាមួយនឹងម៉ូតូម៉ាកស៊ុយសាគីស្មាស ពាក់ស្លាកលេខ ភ្នំពេញ 1W-4550 ដែលកំពុងបើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បែកប្រអប់ជើង ចំណែកម៉ូតូត្រូវបានរថយន្តបង្កកិនអូសប្រហែល៥០ ម៉ែត្រ ទើបសមត្ថកិច្ចដេញតាមចាប់រថយន្តបង្កខាងលើនេះបាន។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់