ព័ត៌មានជាតិ

ទាក់ឆ្កែអស់លក្ខណ៍ ជាប់អន្ទាក់ម្ចាស់… ចាប់ប្រគល់ឲ្យ​សមត្ថកិច្ច

ភ្នំពេញៈ មុខសញ្ញាជិះម៉ូតូទាក់ឆ្កែរាល់យប់ ត្រូវសមត្ថកិច្ចចាប់ក្របួចបានម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ពេលពួកទាំងពីរនាក់ជិះម៉ូតូទាក់ឆ្កែអ្នកភូមិរៀងរាល់យប់។ ហេតុការឃាត់ខ្លួននេះ កើតឡើងកាលពីរវេលាម៉ោង៥នឹង១៥ទៀបភ្លឺថ្ងៃទី២១ឆ្នាំ២០១៧ តាមផ្លូវបេតុ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឈុន រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចបានប្រាប់ឲ្យ​ដឹងថា ដោយសារតែប្រជាពលរដ្ឋបានបាត់ឆ្កែពួកគាត់ជាច្រើនក្បាលកន្លងមក ទើបប្រជាពលរដ្ឋឃ្លាំចាំមើល ស្រាប់តែឃើញជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូម៉ាកឆាលីកែឆ្នៃជិះចូលមកក្នុងភូមិ ក៏ស្ទាក់ចាប់​បានម្នាក់ជាឌុប បានប្រគល់ឲ្យ​សមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលដង្កោ ចំណែកបក្ខពួនម្នាក់ទៀត អ្នកដែលជិះពីក្រោយបានរត់គេចខ្លួនបាត់។

ក្រោយការ​សួរនាំរួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្លាប់បានទាក់ឆ្កែពិតមែន ដោយសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ឧបករណ៍អន្ទាក់ទាក់ឆ្កែមួយ និងម៉ូតូឆាលីកែឆ្នៃមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចយកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោចាក់ការតាមនីតិវិធីច្បាប់៕

មតិយោបល់