ព័ត៌មានជាតិ

ពលរដ្ឋរិះគន់ សាខាពន្ធដារខេត្តកណ្តាល ធ្វើការមិនមានតម្លាភាព និងអាថ៌កំបាំង

កណ្តាលៈ ប្រជាពលរដ្ឋសំណូមពរឲ្យមានការបិទលិខិតជូនដំណឹង តារាងតម្លៃ និង ចេញបង្កាន់ដៃឲ្យបានត្រឹមត្រូវលើសេវាបង់ពន្ធអចលនទ្រព្យ និងជួយសម្រួលលើនីតិវិធី បង់ពន្ធឲ្យបានងាយស្រួលផង។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំម្កាក់ ស្រុកអង្គស្នួល និងឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាច្រើនគ្រួសារបានធ្វើការសំណូមពរដល់សាខាពន្ធដារខេត្តកណ្តាលសូមដាក់មន្ត្រី ចុះតាមមូលដ្ឋានប្រជាពលរដ្ឋមកពន្យល់ ឬក៏បិទក្រដាស់ជូនដំណឹងនៅតាមស្នាក់ការភូមិ-ឃុំ និងនៅសាខាពន្ធដារ កំណត់តម្លៃ នៃប្រភេទដីដែលត្រូវបង់ឲ្យបានច្បាស់លាស់ លើសេវាបង់ពន្ធអចលនទ្រព្យ ពន្ធប្រថាប់ត្រា និងចេញវិកយប័ត្រជូនពួកគាត់ក្រោយបង់រួចផង។ ព្រោះបច្ចុប្បន្ននេះ ពួកគាត់បង់ទៅតាមតែបបូរមាត់របស់មន្ត្រីពន្ធដារ ទាំងនោះដោយគេគិតគុណឆ្នាំនៃការទិញដីហើយបើ ពួកគាត់ត្រូវការលក់វិញគិតចុះគិតឡើងទាល់តែថែមលុយផ្ទះទៀតទើបគ្រប់តម្លៃលើការបង់ពន្ធដីនោះ ដូច្នេះបើគាត់ជួបប្រទះបញ្ហាខ្វះខាតនោះគឺមិនហ៊ានលក់ដូរនោះទេ។

លោក ស៊ឹម ម៉ៅ រស់នៅក្នុងភូមិស្រែកណ្តោល និងលោក ឡេ សុខលី នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ស្រុកអង្គស្នួល បានលើកឡើងថា គាត់មានការ ងឿងឆ្ងល់ពីបញ្ហាលើសេវាបង់ពន្ធដី ដោយចង់ឲ្យពន្ធដារកំណត់តម្លៃបង់ពន្ធឲ្យបានច្បាស់លាស់នៅ ប្រភេទដីភូមិឬដីស្រែ ហើយសូមឲ្យបិទក្រដាសជូនដំណឹងតាមបណ្តាស្នាក់ការភូមិ ឬឃុំឲ្យប្រជាពល រដ្ឋបានដឹង និងសូមឲ្យពួកគាត់មកបង់ពន្ធនេះនៅត្រឹមស្រុកបានហើយ ពីព្រោះបច្ចុប្បន្ននេះបង់រហូត ដល់សាខាពន្ធដារក្រុងតាខ្មៅឯណោះ ធ្វើឲ្យពួកគាត់មានការលំបាកនិងសុំឲ្យពន្លឿនការចុះវាស់វែងកុំចេះតែអូសបន្លាយពី១ខែទៅ១ខែនោះ។ ពួកគាត់បានបន្ថែមថា ពលរដ្ឋមិនជំទាស់លើការបង់ពន្ធជូនរដ្ឋនោះទេ ប៉ុន្តែគ្រាន់តែចង់ដឹងថា ថាតើដីនៅតំបន់ពួកគាត់ត្រូវបង់ក្នុងតម្លៃណាឲ្យជាក់លាក់ ហើយប្រភេទដីលំនៅដ្ឋានបង់ប៉ុណ្ណា ដីស្រែចំការ បង់យ៉ាងណា ដីនៅជាប់ផ្លូវធំ និងផ្លូវតូច បង់ខុសគ្នាយ៉ាងណា កុំនៅតែលើបបូរមាត់របស់មន្ត្រីនោះ។

ចំណែកឯប្រជាពលរដ្ឋនៅឯឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ឯណោះ ក៏បានលើក ឡើងស្រដៀងគ្នាដែរថា កន្លងមកការបង់ពន្ធដីនៅក្នុងភូមិស្រុករបស់គាត់ គឺយកទៅតាមតំបន់ផ្លូវតូច ឬផ្លូវធំ ហើយបង់ពន្ធប្រថាប់ត្រា៤% ទៅតាមតម្លៃដែលវាយតម្លៃដោយគណៈកម្មការវាយតម្លៃរបស់អគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែសព្វថ្ងៃមិនដូច្នេះទេ គឺតម្រូវឲ្យបង់ពន្ធប្រថាប់ត្រាទៅតាមតម្លៃលក់ជាក់ស្តែងទៅវិញ ហើយក៏ពុំបានប្រកាសជូនដំណឹងដល់ពលរដ្ឋ នោះទេ ដែលវាជះឥទ្ធិពលដល់សតិអារម្មណ៍ដល់ប្រជាជនជាខ្លាំង។

មួយវិញទៀត ប្រសិន បើពលរដ្ឋលក់ដី ត្រូវការកាត់ប្លង់ផ្ទេរកម្មសិទ្ធិនោះ គឺមានការលំបាកណាស់ ប្រសិនបើកាន់ ឯកសារទៅបង់ពន្ធខ្លួនឯង មិនឲ្យមន្ត្រីពន្ធដាររត់ការទេនោះ គឺមិនងាយបានទេ រាប់ខែឯ ណោះ។ ជាមួយគ្នានោះដែរ ពួកគាត់សំណូមពរឲ្យអគ្គនាយកដ្ឋានពន្ធដារ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាត្រួតពិនិត្យលើកអង្គភាពសាខាពន្ធដារខេត្តកណ្តាលផង ហើយប្រសិនជាចាំបាច់ ត្រូវការសាក្សី ពួកគាត់នឹងចូលខ្លួនទៅបំភ្លឺជូន។

ទាក់ទិន្ននឹងការលើកឡើង និងងឿងឆ្ងល់លើសេវាបង់ពន្ធដីរបស់ប្រជាពលរដ្ឋខាងលើនេះ អ្នកយកព័ត៌មានបាន ធ្វើការទំនាក់ទំនងតាមទូរសព្ទទៅកាន់លោក ទាវ សវឿន ប្រធានសាខាពន្ធដារខេត្តកណ្តាល ដើម្បីសុំការពន្យល់អំពីសេវាបង់ពន្ធអចលនទ្រព្យ ប៉ុន្តែលោកគ្រាន់តែឆ្លើយយ៉ាងខ្លីថា លោកបានបកស្រាយជូន ទៅថ្នាក់លើរួចរាល់អស់ហើយ ហើយបដិសេធន៍មិនជួបដើម្បីបំភ្លឺនោះ ដោយបញ្ជាក់ថា លោកជិតអស់សិទ្ធិហើយ គឺចូលនិវត្តន៍ ៕

https://youtu.be/AfI4DcRk0KQ

មតិយោបល់