ព័ត៌មានជាតិ

“វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន”

ភ្នំពេញៈ ព្រោះតែកម្ពុជាជាប្រទេសមួយ ដែលមានអាយុកាលចំណាស់ ប្រកបដោយវប្បធម៌សម្បូរបែប និងមានភាពថ្លៃថ្នូរនៅក្នុងតំបន់អាស៊ី និងត្រូវបានទទួលស្គាល់ទូទាំងពិភពលោកនោះ បុព្វបុរសខ្មែរបានបន្សល់ទុកនៅសុភាសិតជាច្រើន ដើម្បីទុកជាការក្រើនរំឮក ដាស់សតិគំនិតកូនចៅជំនាន់ក្រោយឲ្យចេះស្រឡាញ់វប្បធម៌ជាតិរបស់ខ្លួន។

“វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” គឺជាសុភាសិត ដែលកូនខ្មែរ តែងតែឮ និងបានឃើញច្រើនជាងគេ គឺនៅតាមសាលារៀន និងទីកន្លែងធ្វើការ រួមនិងទីកន្លែងសាធារណៈមួយចំនួនផងដែរ។ ហេតុអ្វីបានជាដូនតាខ្មែរ ចង់ឲ្យកូនចៅបដិបត្តិតាម និងយកសុភាសិតនេះមកពិចារណា?

យោងតាមវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត ពាក្យថា “វប្បធម៌” មានន័យថា ជាការផ្សាំបណ្ដុះចំណេះវិជ្ជា និងប្រាជ្ញាស្មារតី ឲ្យបានលូតលាស់ចម្រើន ដោយវិទ្យាសាស្រ្ត ឬដោយសិល្បៈផ្សេងៗជាដើម។

ចំណែកមែកធាងរបស់វប្បធម៌មានអ្វីខ្លះ? វប្បធម៌ ជាធាតុមួយនៃអរិយធម៌ ហើយវប្បធម៌មានធាតុសំខាន់៣ រួមមាន៖

១. ចំណេះដឹង ដែលសំដៅលើ ជំនឿសាសនា សីលធម៌ ជាដើម

២. ការផ្សាយ ដែលសំដៅលើ សិល្បៈ សារព័ត៌មានជាដើម

៣. ការអនុវត្ត ដែលសំដៅលើទំនៀមទម្លាប់ប្រពៃណី ការអប់រំជាដើម

នៅគ្រាបច្ចុប្បន្ននេះ យើងបានសង្កេតឃើញថា ធាតុមួយចំនួនរបស់វប្បធម៌ ត្រូវបានពលរដ្ឋខ្មែរមួយចំនួនយកទៅជាន់ឈ្លី និងធ្វើអាប់ឱន គួរឲ្យកត់សម្គាល់។

បើយើងក្រឡេកទៅមើលវិស័យសាសនា មានមនុស្សមិនតិចទេ ដែលត្រូវចាប់ខ្លួន និងបកស្បង់ចីវរ ទាំងនៅក្នុងស្រុក និងនៅបរទេស (ថៃ) ក្នុងរឿងបន្លំធ្វើព្រះសង្ឃ ដើម្បីបិណ្ឌបាត្រស្វែងរកលាភសក្ការៈ យកលុយចាយ។ រឿងដ៏គួរឲ្យសង្វេគចំពោះសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ ដោយទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញនោះ គឺមានព្រះសង្ឃខ្លះមានឋានៈជាមេគុណខេត្ត បែរជាទៅប្រព្រឹត្តអំពើអបាយមុខ ផឹកសុរា និងឡើងច្រៀងរាំ បំផ្លាញសាសនា។ ក្រៅអំពីសកម្មភាពទាំងនេះ ក៏មានព្រះសង្ឃដែលមានឈ្មោះបោះសម្លេងជាធម្មកថិកក្នុងការសម្តែងធម៌អប់រំពុទ្ធបរិស័ទដ៏ល្បីល្បាញតាមវិទ្យុ បែរជាមានរូបវីដេអូ ប្រព្រឹត្តកាមគុណ បង្ហោះរូបមិនសមគប្បីជាសង្ឃ ពាសពេញបណ្តាញសង្គមហ្វេសប៊ុក រហូតមានការតម្រូវឲ្យលាចាកសិក្ខាបទថែមទៀតផង។ នៅមានរឿងរ៉ាវអាស្រូវជាច្រើនទៀត នៅក្នុងវិស័យសាសនាព្រះពុទ្ធក្នុងប្រទេសកម្ពុជា អាស្រូវផ្លូវភេទរវាងសង្ឃ និងស្រី ក៏មិនតិច ចំណែកអធិករណៈរវាងសង្ឃ និងសង្ឃ ឬអាចារ្យគណៈកម្មការ នៅក្នុងវត្តក៏មានច្រើនផងដែរ។

ចុះវិស័យសិល្បៈវិញសព្វថ្ងៃនេះ ដោយសារតែការអភិវឌ្ឍ និងភាពទំនើបសម្បូរសប្បាយ សិល្បៈខ្មែរហាក់ចម្លងបទដ្ឋាន និងទម្រង់ពីបរទេសគួរឲ្យកត់សម្គាល់ផងដែរ។ ការស្លៀកពាក់ គំរូសម្លៀកបំពាក់បរទេសកំពុងពេញនិយមណាស់សម្រាប់សិល្បៈករខ្មែរ។ ក្រៅពីនេះការចម្លងស្នាដៃ និងចម្លងគំរូពីបរទេស ដូចជាចម្រៀង បទភ្លេង និងក្បាច់រាំជាដើមនោះ គឺកំពុងតែមានភាពពេញទំហឹងទៅហើយ។ នាពេលចុងក្រោយកន្លងទៅថ្មីៗនេះ ក៏មានរឿងអាស្រូវពាក់ព័ន្ធនិងវិស័យសិល្បៈមិនតិចដែរ សិល្បៈករស្រីខ្មែរមួយចំនួនត្រូវមហាជនរិះគន់រឿងស្លៀកពាក់សិចស៊ីលេចលើ លេចក្រោមជ្រុលពេក រហូតមានការកោះហៅទៅអប់រំនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថែមទៀតផង។ មន្ថែមលើរឿងនេះ ថ្មីៗនេះ ដែលព័ត៌មាននៅក្តៅហ៊ុយៗនៅឡើយនោះ គឺមានតារាចម្រៀងវ័យក្មេងមួយចំនួន ត្រូវបានគេផ្សព្វផ្សាយរូបអាក្រាតកាយ តាមបណ្តាញសង្គមហ្វេសប៊ុក ជាភាគបន្តបន្ទាប់រាប់សឹងមិនអស់។ ចំណែកវិស័យភាពយន្តខ្មែរក៏មានភាពដុនដាបទៅហើយដែរ បើគេមើលការផ្សាយតាមកញ្ចក់ទូរទស្សន៍របស់ខ្មែរ ភាពយន្តខ្មែរហាក់មិនសូវពេញនិយមទេ ក៏មិនសូវមានគេចាក់ផ្សាយច្រើនដែរ មានច្រើនតែភាពយន្តបរទេសទៅវិញ។ មួយវិញទៀត រឿងដែលយើងបាន ចាប់អារម្មណ៍ផងដែរនោះ គឺសិល្បៈល្ខោនខ្មែរមួយចំនួន ក៏រៀបចំលិចទៅហើយដែរ នៅគ្រាដែលប្រទេសថៃបានស្នើសុំដាក់បញ្ជូលល្ខោនខោលជាសម្បត្តិបេតិកភណ្ឌជាតិសាសន៍គេនោះ កូនខ្មែរ រួមនឹងសម្តេចនាយករដ្ឋមន្ត្រីផង បានសម្តែងសេចក្តីស្រលាញ់ និងទឹកចិត្តការពារ ប៉ុន្តែវាហាក់ហួសពេលបន្តិចហើយ ហួសពេលគឺនៅត្រង់ថា ល្ងោនខោលមិនសូវមានកូនខ្មែរ និងមិនសូវមានកូនខ្មែរមើល គឺមានតែកូនខ្មែរថា ស្រលាញ់ៗតែមាត់ប៉ុណ្ណោះ។

ចំណែកវិស័យអប់រំវិញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺ នៅក្នុងយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា គេបានសង្កេតឃើញថា វិស័យអប់រំហាក់មានភាពរឹងមាំផ្នែកគុណភាព ដោយមិនបានផ្តោតទៅលើតែបរិមាណតទៅទៀតឡើយ។ ការរឹតបណ្តឹងក្នុងការប្រលង និងការបង្កើត បង្កើនកម្មវិធីសិក្សាថ្មីៗ និងទាន់សម័យកាលស្របតាមតម្រូវការពិភពលោក ជាកក្តាអាទិភាព ដែលក្រសួងអប់រំបានយកចិត្តទុកដាក់ខ្ពស់។ ខណៈដែលវិស័យសិក្សាធិការ កំពុងត្រូវបានថ្នាក់ដឹកនាំជាតិ និងអ្នកពាក់ព័ន្ធ ប្រឹងប្រែងកែលម្អនោះ បញ្ហាក្នុងវិស័យនេះ ក៏មានមិនចេះតិចដែរ វិវាទរវាងលោកគ្រូ អ្នកគ្រូ ជាមួយថ្នាក់ដឹកនាំសាលា ក៏ត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញព័ត៌មានជាញឹកញយ។

ដោយឡែកបញ្ហាលោកគ្រូ អ្នកគ្រូនៅតែបន្តយកលុយពីសិស្សក្នុងម៉ោងសិក្សា ក៏ជារឿងក្តៅគគុកផងដែរ។ រឿងដែលគួរឲ្យហួសចិត្តមួយទៀត ដែលទើបនឹងកើតឡើងថ្មីៗនេះ គឺរឿងអាស្រូវផ្លូវភេទរវាងថ្នាក់ដឹកនាំក្នុងក្រសួងអប់រំខ្មែរ ជាមួយស្ត្រីជនជាតិកូរ៉េ។ ពិតណាស់ថា រឿងមួយនេះត្រូវបានគេបិទបញ្ចប់ដោយការបង់ប្រាក់សំណងជំងឺចិត្តទៅឲ្យនារីរងគ្រោះ និងជនប្រព្រឹត្តត្រូវបានក្រសួងសម្រេចដកចេញពីដំណែងក៏ពិតមែន ប៉ុន្តែក្លិនស្អុយបញ្ច្រាសខ្យល់នៃវិស័យអប់រំរបស់ខ្មែរនៅមិនទាន់បាត់នៅឡើយទេ ពោលគឺនៅមានមនុស្សខ្មែរ និងបរទេសច្រើនណាស់គេយល់ថា មិនគួរណាមន្ត្រីអប់រំជាខ្ពស់ជាគំរូរបស់ប្រជាជនទៅប្រព្រឹត្តអំពើដែលប្រជាពលរដ្ឋឲ្យតម្លៃទាប និងប្រឈមមុខនឹងច្បាប់បែបនេះសោះ។ រឿងដែលគេគួរឲ្យអស់សំណើចបំផុតទៀតនោះ គឺថា ក្រសួងអប់រំទើបតែដកដំណែងមន្ត្រីអប់រំជាន់ខ្ពស់ ដែលមានរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីបកប្រែជាតិកូរ៉េ មិនទាន់បានប៉ុន្មានម៉ោងផង ព័ត៌មានខ្សឹបខ្សៀវ រឿងរត់ការយកដំណែងនោះក៏បែកធ្លាយ តើនេះជាភាពកម្សោយរបស់វិស័យអប់រំខ្មែរដែរឬទេ?

បើទោះជាធាតុមួយចំនួនដែលយើងបានលើកឡើងលើហាក់បានកំពុងនឹងធ្លាក់ចុះ ដែលប៉ះពាល់ដល់វប្បធម៌ជាតិយើងក៏ដោយ ក៏មានធាតុជាច្រើនទៀតបាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការស្តារ ការពារ និងអភិវឌ្ឍន៍វិស័យវប្បធម៌ខ្មែរនាពេលបច្ចុប្បន្ន។

ទោះជាយ៉ាងណាក៏ដោយ ក៏កូនខ្មែរគួរតែចងចាំ និងរក្សាឲ្យបាននៅអត្ថន័យនៃសុភាសិតខាងលើ ដែលដូនតាយើងបន្សល់ទុកឲ្យ និងរួមគ្នាថែរក្សាការពារវប្បធម៌ជាតិយើងទាំងអស់គ្នាឲ្យរីកចម្រើន ល្បីល្បាញនៅក្នុងតំបន់ និងលើពិភពលោក៕

មតិយោបល់