ព័ត៌មានជាតិ

មនុស្ស21នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការជាបន្តបន្ទាប់

(ភ្នំពេញ): ក្រុមជួញដូរនិងប្រើប្រាស់ប្រាស់គ្រឿងញៀន12នាក់ និងចោរឆក់09នាក់ដែលបានអះអាងថាធ្លាប់ឆក់200ដង ធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ក្នុងថ្ងៃទី02និងទី03 ខែមេសា ឆ្នាំ2016។ 
មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន១២នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវ និងតាមដានអស់រយៈពេលជាយូរមកហើយ ត្រូវបានបង្រ្កាប កាលពី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយកំលាំងអាវុធហត្ថខណ្ឌមានជ័យសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការបង្រ្កាបនោះដែរសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញបានដកហូតថ្នាំញៀនជាក់សែ្តងបានចំនួន១០កញ្ចប់ និងដបជក់ថ្នាំមួយចំនួន និងបានបញ្ជូនទៅតុលាការកាលពីថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០១៦ ។ រីឯក្រុមចោរឆក់ចំនួន០៩នាក់ដែលអះអាងថាធ្លាប់ឆក់ចំនួន២០០ដង ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសបុក (Facebook) ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការហើយផងដែរ កាលពីព្រឹកមិញថ្ងៃអាទិត្យ ទី03 ខែមេសា ឆ្នាំ2016 បន្ទាប់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការតាមដានស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ឈានទៅដល់ការកំណត់មុខសញ្ញាបាន និងបានផ្សព្វផ្សាយដល់មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ឲ្យឃ្លាំមើលនិងតាមចាប់មុខសញ្ញាចោរឆក់ទាំងនោះ ដែលកន្លងមកក្រុមនេះបានធ្វើសកម្មភាពឆក់ជាហូរហែរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រហូតមកដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ទើបអាវុធហត្ថខណ្ឌចំការមនបានធ្វើការឃាត់ខ្លួនមុខសញ្ញាទាំងនោះបានចំនួន ០៤នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន ពីនារីម្នាក់នៅចំនុចក្រោយព្រះបរមរាជវាំង ក្រោយមកកម្លាំងជំនាញស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញបានបន្តតាមចាប់បក្ខពួកជនសង្ស័យបានចំនួន០៥នាក់បន្ថែមទៀត។ 

តាមចម្លើយសារភាពរបស់ក្រុមចោរឆក់ទាំង០៩នាក់បានសារភាពថា ក្រុមពួកគេមានគ្នាជាង១០នាក់ ក្នុងនោះមានអ្នកខ្លះបានចូលរួមឆក់ជាង២០០ដង ខ្លះជាង៦០ដង ឯខ្លះទៀតច្រើនពេកចាំមិនអស់ ដោយភាគច្រើនពួកគេធ្វើសកម្មភាពឆក់នៅក្នុងខណ្ឌដូនពេញ ចំការមន ៧មករា និងទួលគោក ។ ក្នុងនោះចំណុចដែរពួកគេចាំច្បាស់មានដូចជា៖ នៅចំណុចក្រោយព្រះបរមរាជវាំង, ឃ្លាំងរំសេវ, ក្បែរអង់តែនទូរទស្សន៍ជាតិ, កោះពេជ្រ, ក្តាន់ពីរ, ផ្សារកណ្តាល, សាលាស៊ីសុវត្ថិ, ផ្លូវកម្ពុជាក្រោម និងមានកន្លែងផ្សេងៗទៀតជាច្រើន។

   
    
    
    
    
    
    
    
   

មតិយោបល់