ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយសមត្ថកិច្ចឲ្យរបួស ពេលចុះទៅណែនាំបញ្ឈប់ការផឹកស៊ី និងចាក់ធុងបាស់

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ​ខែមីនា ឆ្នាំ២០២១ ម៉ោង៧និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា វាយបណ្តាលឲ្យរបួស នៅចំណុចមុខផ្ទះជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ ស៊ីវន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយប៉ុស្តិ៍ព្រែកថ្មី ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះ ឡេង ប៊ុនលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

មុនពេលកើតហេតុជនសង្ស័យ និងមិត្តភក្តិនាំគ្នាផឹកស៊ី និងចាក់ធុងបាស់នៅចំណុចកើតហេតុ ដោយរំខានដល់អ្នកជិតខាង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម នាយប៉ុស្តិ៍ព្រែកថ្មី (ជនរងគ្រោះ) បានដឹកនាំកម្លាំងចុះទៅអប់រំណែនាំ ក៏ទាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យស្ទុះមកវាយជនរងគ្រោះមួយដៃ ចំសៀតថ្កាខាងឆ្វេង បណ្តាលឲ្យដួលលើផ្លូវបេតុង របួសកែងដៃឆ្វេង និងធាក់ចំពោះ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់