ព័ត៌មានជាតិ

ឆាកប្រយុទ្ធគ្នាដូចក្នុងកុនចិនហុងកុង ចុងក្រោយសល់តែរបួសឈាមហូរស្រោចខ្លួន!.

ភ្នំពេញៈ ក្មេងស្ទាវ២ក្រុម បានឈ្លោះប្រកែកពាក្យសម្តីគ្នា រហូតផ្ទុះហិង្សាជិះម៉ូតូដេញកាប់និងវាយគ្នាពេញដងផ្លូវ ដូចកុនចិនហុងកុង យ៉ាងប្រសាច ចុងក្រោយសល់ត្រឹមយុវជន២នាក់ រងរបួសបែកក្បាល និងត្រូវគេកាប់ចំដៃហូរឈាមយ៉ាងសស្រាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទី យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ TOTAL ក្បែររបងវិទ្យាល័យ ជា ស៊ីម សាម្គី តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សចំនួន២ក្រុម មិនដឹងថាឈ្លោះគ្នា មកពីណាទេ បានជិះម៉ូតូដេញកាប់គ្នាដូចក្នុងរឿងកុនចឹង ដោយមិនដឹងថាខាងណាជាជនរងគ្រោះ ខាងណាជាជនបង្កឡើយ ព្រោះពេលនោះរញ៉េរញ៉ៃពេក។ ភ្លាមៗមនុស្សទាំង២ក្រុម ដែលវាយគ្នានោះក៏ចែកជើងគ្នាឡើងទៅជិះម៉ូតូបាត់អស់តែម្តង។

តែយ៉ាងណាក៏ដោយ នៅមានមនុស្ស២នាក់ ដែលពួកគាត់អះអាងថា គាត់ជាជនរងគ្រោះ ដោយម្នាក់រងរបួសបែកក្បាលហូរឈាមស្រោចខ្លួន និងម្នាក់ទៀតត្រូវគេកាប់មួយកាំបិតបុង័តោ ត្រូវដៃខាងឆ្វេងហូរឈាមស្រោចដូចគេចាក់ទឹកចឹង។

បន្ទាប់ពីកើតហេតុបានរយៈពេល១០នាទី សមត្ថកិច្ចនគរបាលមូលដ្ឋាន ក៏ដូចជាកម្លាំងអាវុធហត្ថខណ្ឌទួលគោក បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីសួរនាំ នៃដំណើររឿងកើតឡើងនេះ និងបានរកឃើញ កាំបិតបុង័តោ មួយផងដែរ នៅកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ៕

https://youtu.be/Bb6oTGlpv2w

មតិយោបល់