ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក Jaguar មួយគ្រឿងបើកបរដោយបុរសម្នាក់ ក្នុង ល្បឿនលឿន គេចពីរថយន្តមួយគ្រឿងទៀត ជ្រុលចង្កូតទៅបុកនឹងរបង និងជញ្ជាំងរោងកុនលុច្សពេញទំហឹងតែម្តងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចដែល ចុះទៅធ្វើការពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្ក ខាងលើនេះ ជារថយន្តស៊េរីទំនើប ម៉ាក Jaguar ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1718 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្ស២នាក់ទៀតក្នុងរថយន្ត ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះបានមកដល់ចំណុចស្តុបរោងកុនលុច្ស ត្រង់ផ្លូវបែកជាបួន រថយន្តនេះតែមិនព្រមបន្ថយល្បឿន ក៏ស្រាប់តែវាក់អើ ជាមួយរថយន្តមួយគ្រឿង ទៀត ដែលបើកចេញពីផ្លូវលេខ ១៥៦ ក្នុងទិសដៅពីលិចទៅកើត ក៏ធ្វើឲ្យរថយន្តម៉ាក Jaguar បន្ថយល្បឿនមិនទាន់ក៏បួងចង្កួតគេច ក៏ជ្រុលទៅបុកនឹងរបង និងជញ្ជាំងរោងកុនលុច្សយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ភ្លាមៗ អ្នកបើករថយន្តក៏បើទ្វាររថយន្តចេញទៅបាត់ ដោយបន្សល់រថយន្តរបស់គេនៅកន្លែងកើតហេតុផងដែរ សំណាងល្អគ្មាននរណាម្នាក់រងរបួស ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់ដូនពេញ ក៏សហការជាមួយសមត្ថកិច្ចចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តបង្កនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ត ចូលខ្លួនធ្វើការដោះស្រាយជាមួយម្ចាស់រោងកុនលុច្សរងគ្រោះនៅពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់