នៅទីបំផុតផលិតកម្មក្លាស៊ិក បានកំណត់យកថ្ងៃក្រុងពាលីចេញថតរឿងរាជបូរី ជាផ្លូវការនៅចុងខែមករានេះហើយ ដើម្បីដំណើរការរឿងស្ដីពីជីវិតពិតរបស់អតីតតារាចម្រៀងលោករាជ បូរី ក្រោយក្រឡាប់រថយន្តស្លាប់។ អ្វីដែលគួរចាប់អារម្មណ៍ គឺរឿងមួយនេះត្រូវបានប្រកាសថា នឹងប្រមូលផ្ដុំតារាបាត់មុខ និងតារាឡើងកូដក្នុងសិល្បៈរហូតដល់៧៥រូប អោយក្លាយជាតួសំខាន់ ដោយមិនទាន់រាប់បញ្ចូលតួសម្ដែងរាយរងនៅឡើយ។
លោក ហួ សុផល ម្ចាស់ផលិតកម្មក្លាស៊ិកបានអះអាងថា ភាពយន្តដែលលោកចេញថតស្ដីពីជិវិតរបស់លោករាជ បូរី នោះ លោកសម្រេចដាក់ចំណងជើងថា«រាជបូរីCome Back »ដើម្បីបង្ហាញថាលោករាជ បូរី ដ្បិតថាស្លាប់បាត់រូបកាយមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ និងស្នាដៃរបស់លោកត្រូវគាស់កកាយឡើង ដែលមិនខុសពីអតីតារាចម្រៀងរូបនេះត្រលប់មកវិញ។ លោកថាខ្សែរឿង«រាជបូរីCome Back» នឹងដោយរំលេចសាច់រឿងពីប្រវត្តិតស៊ូរបស់លោករាជ បូរី តាំងពីមុនក្លាយជាតារាចម្រៀង រហូតដល់ពេលលោកក្រឡាប់រថយន្តស្លាប់។ សាច់រឿងនោះ ក៏និពន្ធក្រឡៃពីវិញ្ញាណវិលវល់របស់លោក រាជ បូរី ដើម្បីរំលេចឈុតឆាកភ័យរន្ធត់ និងកំប្លែងផងដែរ ដើម្បីកុំអោយដូចជារឿងឯកសារ។ លោកថាខ្សែរឿងមួយនេះ នឹងក្រុងបាលីចេញថតនៅថ្ងៃទី២៩ មករា ដោយតួអង្គសំខាន់ៗត្រូវបានកំណត់រួចហើយ គឺមានរហូតដល់៧៥រូប ដែលសុទ្ធតែជាតួសំខាន់ទាំងអស់។ តួអង្គទាំង៧៥នាក់នោះមិនមែនជាតួអង្គថ្មី មិនធ្លាប់មានគ្មានកេរ្តិ៍ឈ្មោះនោះទេ គឺសុទ្ធតែជាតារាល្បីៗ ដោយភាគច្រើនជាតារាដែលបាត់មុខយូរ ដោយលោកបានហៅខ្សែរឿងមួយនេះ ថាការប្រមូលផ្ដុំឡើងវិញ នូវតារាដែលបាត់មុខយូរ និងតារាដែលឡើងកូដចុងក្រោយអោយរួមសម្ដែងប៉ះគ្នានោះផង។ លោកនិយាយថា«រឿងហ្នឹងខ្ញុំប្រមូលបានសុទ្ធតែតួល្បីៗ និយាយរួមទៅម៉ារឿងហ្នឹងមហាជនហ្នឹងប្លែកភ្នែក ដោយសារតែខ្ញុំយកតួបាត់មុខ អោយសម្ដែងភាគច្រើនឡើងវិញ តាំងពីតារាដែលប្រកាសថាសម្ដែងហើយ ខ្ញុំហៅអោយគាត់មកលេង គឺពួកគាត់ទទួលជួលលេងរឿងទាំងអស់!»។ លោកសម្រេចចិត្តជ្រើសតួសំខាន់ៗដែលមានចំនួនច្រើន ដើម្បីអោយត្រូវនឹងសាច់រឿងពិតរបស់ លោករាជ បូរី ជាអតីតតារាល្បី ដែលមានអ្នកគាំទ្រច្រើនមុនពេលស្លាប់។ យ៉ាងណាមិញ លោកមិនទាន់ដឹងថាតើរឿង«រាជ បូរី Come Back !» នឹងទទួលជោគជ័យកម្រិតណានោះទេ បើទោះជាតួសម្ដែងមួយប្លង់ក្នុងរឿង ក៏លោកសម្រេចជ្រើសតែតារាល្បីៗ ដែលមានកេរ្តិ៍ឈ្មោះក្នុងសិល្បៈ ដោយសារតែលោកចង់អោយក្លាយជាជំនួបប៉ះគ្នារវាងតារាជើងចាស់ ដែលបាត់មុខយូរ និងជើងថ្មីតាមរយៈរឿងនេះ៕
មតិយោបល់