ភ្នំពេញៈ តារាសិល្បៈមួយក្រុមមានពិធីការិនីវីដវីដ កញ្ញាដួង ម៉ានិច កញ្ញាមិច ម៉ានីកា និងលោកម៉ាដូណាជាដើម បានរៀបចំពិធីឆ្លងថ្ងៃកំណើតរបស់លោកស្រី ឌី សាវ៉េត គួរឲ្យភ្ញាក់ផ្អើល ក្នុងពេលដែលលោកស្រីមិនបានដឹងខ្លួនជាមុន។
ក្រុមតារាសិល្បៈបានអះអាង លោកស្រីរំភើបណាស់ ដោយសារតែលោកស្រីមិនមែនជាតារាដែលមានចំណូលចិត្តចាប់អារម្មណ៍លើថ្ងៃកំណើត និងមិនមានចំណូលចិត្តរៀបចំជប់លៀងណាមួយដើម្បីឆ្លងថ្ងៃកំណើតដូចតារាភាគច្រើន។
កញ្ញា ដួង ម៉ានិច តារាសម្ដែងមួយរូបបានអះអាងថា ដោយសារតែបានដឹងថាថ្ងៃទី៧ ឧសភា ជាថ្ងៃកំណើតរបស់លោកស្រីឌី សាវ៉េត និងមានបំណងចង់ឲ្យលោកស្រីសប្បាយចិត្ត នាង និងមិត្តភ័ក្រ្តមួយក្រុមក៏បានណាត់គ្នាទិញនំខួបកំណើតទៅពញាក់អារម្មណ៍ចំពោះលោកស្រី ក្នុងពេលដែលបានដឹងថាលោកស្រីមានដំណើរទៅម្ដុំចាក់អង្រែលើ។
កញ្ញាបញ្ជាក់ថា លោកស្រីឌី សាវ៉េត មានវ័យ៧២ឆ្នាំ និងបានអារម្មណ៍ត្រេកអរយ៉ាងខ្លាំងនៅពេលបានឃើញនំខួបកំណើតដែលមិនបានដឹងខ្លួនជាមុននោះ។ យ៉ាងណាមិញ កញ្ញាបញ្ជាក់ថាមិនសូវស្រឡះចិត្តនោះទេ ដោយសារតែនំដែលបានទិញយកទៅពញាក់អារម្មណ៍ចំពោះលោកស្រីនោះ មិនមានប្រភេទធំតាមការចង់បាន។
នាងនិយាយថា«តាមផ្លូវខ្ញុំទៅហ្នឹង ពិបាករកនំខួបមែនទែន មានតែហាងមួយគត់ ហើយគាត់ដែលធំជាងគេគឺជានំដែលគេកុម្ម៉ង់ទុកទៀត ដល់ចឹងខ្ញុំសុខចិត្តសំពះសុំគេ ទើបគេព្រមឲ្យមុន ព្រោះយើងអត់កុម្ម៉ង់ចឹងគេមិនចង់ឲ្យទេ ប៉ុន្តែបើពួកខ្ញុំបានត្រៀមជាងមុន ប្រហែលជារៀបចំល្អជាងហ្នឹងព្រោះចង់គាត់សប្បាយចិត្ត!»។
នាងបញ្ជាក់ថា ហេតុផលដែលនាំឲ្យមានការពញាក់អារម្មណ៍នោះ គឺដោយសារតែតារាដែលបានចូលរួមភាគច្រើនគឺជាអ្នកចូលប្រកួតក្នុងកម្មវិធី Apsara Award ដែលបានទទួលការបង្ហាត់ និងវាយតម្លៃដោយលោកស្រី។
លោកម៉ាដូណា តារាកំប្លែង បានអះអាងថាហេតុផលដែលនាំឲ្យមានការពញាក់អារម្មណ៍ មានបំណងតែមួយគត់គឺដឹងគុណចំពោះលោកស្រីឌី សាវ៉េត និងចង់ជូនពរឲ្យលោកស្រីដែលមានវ័យ៧២ឆ្នាំក្នុងឆ្នាំនេះ មានសុខភាពរឹងមាំនៅក្នុងវិថីសិល្បៈ៕
មតិយោបល់