កណ្តាលៈ ស្ត្រីម្នាក់ រងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ ក្រោយពីដើរឆ្លងផ្លូវមិនប្រយត្ន័ ត្រូវម៉ូតូសេ១២៥ បើកបរដោយយុវជនម្នាក់ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ស្ត្រីរងគ្រោះមានឈ្មោះ ឈុន សូរីយ៉ា ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិដូនដោកឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង (រងរបួសធ្ងន់បាក់ជើង)។ ចំណែកអ្នកបើកបរម៉ូតូបង្កមានឈ្មោះ ឈិន ធារី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិប្រាសាទអណ្ដែត ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បានដើរឆ្លងផ្លូវពីលិចទៅកើត ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ជិះឌុបគ្នាម្នាក់ទៀតនៅខាងក្រោយ ទិសដៅពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកស្ត្រីរងគ្រោះដែលកំពុងដើរឆ្លងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់បាក់ជើង ត្រូវបានគេបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្រោយពីកើតហេតុ ម៉ូតូបង្ករួមនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចនាំមកកាន់ អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់