ភ្នំពេញៈ បុរសសរសៃប្រសាទម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញ ដេកស្លាប់ដាច់ដៃដាច់ជើង បែកក្បាលយ៉ាងអាណោចអធ័ម នៅតាមផ្លូវដែក ដោយសារតែឡូរីដឹកឈើពេលយប់កិន ខណៈពេលដែលជនរងគ្រោះបានមកដេកនៅលើកំណាត់ផ្លូវដែកនោះ ចំណែកឡូរីបង្កបានបើករត់គេចទៅបាត់ស្រមោល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវដែកភ្នំពេញ បាត់ដំបង ត្រង់ចំណុចភូមិសក្ដិប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះខាងលើឈ្មោះ ឡេង កុសល អាយុ៣២ឆ្នាំ មានជំងឺសសៃប្រសាទ រយៈពេល៨ឆ្នាំកន្លងមកហើយ និងមានទីលំនៅក្នុងភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។ ត្រូវឡូរីដឹកឈើបើកកិន បណ្ដាលឲ្យដាច់ដៃស្ដាំ និងប្រអប់ជើងខាងឆ្វេង ព្រមទាំងបែកក្បាលស្លាប់នៅក្នុងថ្លុកឈាម។
តាមប្រភពព័ត៌មានពីអ្នកភូមិទួលលៀប បាននិយាយឲ្យដឹងថា កាលពីមុន បុរសខាងលើ គឺជាមនុស្សត្រឹមត្រូវ ម្នាក់ និងរៀនសូត្រពូកែថែមទៀតផង គាត់ចេះនិយាយច្រើនភាសា ក្នុងនោះមានភាសាអង់គ្លេស និងភាសាចិនផងដែរ ហើយក្រោយមកប្រហែលជា ដោយសារការខិតខំរៀនខ្លាំងពេក បានក្លាយទៅជាមនុស្សមានជំងឺ សរសៃប្រសាទ លែងប្រក្រតីតែម្ដង។
បន្ទាប់ពីមានជំងឺនោះមក បុរសនោះតែងតែដើរចេញពីផ្ទះបាត់ៗ ហើយគេងនៅក្រៅផ្ទះរហូត ចំណែកក្រុមគ្រួសារបានតាមរកគ្រប់ពេល ជួនកាលបានរកឃើញនិងហៅឲ្យ ត្រឡប់ទៅផ្ទះវិញ និងពេលខ្លះតាមរកមិនឃើញក៏បណ្ដោយឲ្យដេកតាមព្រៃនិងតាមវាលតាមយថាកម្ម។
ប្រភពដដែលបានបន្តថា មួយរយៈពេលចុងក្រោយនេះ គេឧស្សាហ៍ឃើញបុរសនោះដេកនៅតាមចិញ្ចើម ផ្លូវដែក ត្រង់ចំណុចខាងលើ ហើយក្រុមគ្រួសារទៅតាមហៅ រូបគេមិនព្រមទៅផ្ទះនោះឡើយ ចំណែកផ្លូវដែក នោះ មិនទាន់មានរថភ្លើងធ្វើចរាចរណ៍នៅឡើយទេ គឺមានតែឡូរីដឹកបើកបរឆ្លងកាត់ទៅមកពេលយប់ជារៀង រាល់ថ្ងៃ។ ដោយឡែកនៅវេលាយប់ថ្ងៃទី២២ ខែមករា មិនមាននរណាម្នាក់បានដឹងថាយ៉ាងម៉េចនោះទេ ប៉ុន្តែ សង្ស័យថា បុរសនោះដេកនៅកណ្ដាលផ្លូវដែក ហើយនៅវេលាម៉ោងប្រហែល៩យប់ មានឡូរីដឹកឈើ ២ទៅ៣គ្រឿងបានបើកឆ្លងកាត់ទីនោះ យកឈើទៅលក់នៅភ្នំពេញ និងសង្ស័យថាត្រូវឡូរីទាំងនោះបើកកិន បណ្ដាលឲ្យស្លាប់បែបនេះតែម្ដង។ បន្ទាប់មកឡូរីបានបើកទៅបាត់ស្រមោល។លុះវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែមករា មានអ្នកភូមិធ្វើដំណើរកាត់តាមនោះ បានប្រទះឃើញសាកសព ទើបមានការភ្ញាក់ផ្អើលឆោឡោ និងផ្ដល់ដំណឹងទៅក្រុមគ្រួសារ ព្រមទាំងប្ដឹងនគរបាលឲ្យចុះទៅពិនិត្យមើល ។
ក្រោយកើតហេតុសាកសពត្រូវបានក្រុម គ្រសារនាំយកទៅតម្កល់ធ្វើបុណ្យ នៅឈាបនដ្ឋានវត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/gZ0Ecq_pNxc
មតិយោបល់