ភ្នំពេញៈ ឪពុករបស់កម្មការីម្នាក់បានធ្វើដំណើរទាំងទឹកមុខស្រងូតស្រងាត់ទៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយ ព្រោះរូបគាត់បាត់កូនស្រីម្នាក់អស់រយៈពេល៧ថ្ងៃមកហើយ តែគាត់បានឮដំណឹងថា កូនស្រីរបស់គាត់បាននៅជាមួយបុរសម្នាក់ តែបុរសម្នាក់នោះមិនព្រមប្រាប់ពីដំណឹងកូនស្រីរបស់គាត់ឲ្យដឹងនោះទេ ទើបនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ខែមករា ឆ្នាំ២០១៧នេះ។
កម្មការិនីដែលឪពុកកំពុងស្វែងរកនោះឈ្មោះ ទិត្យ ស្រស់ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងផ្សារអង្គ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិបន្ទាយមាស ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្តកំពត រីឯឪពុកឈ្មោះ សាម ឈុច អាយុ៣៨ ឆ្នាំ មុខរបរជាកម្មករសំណង់ បច្ចុប្បន្នស្នាក់ផ្ទះជួល និងស្រុកកំណើតជាមួយគ្នា។
តាមការរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់របស់ឪពុកនោះបានឲ្យដឹងថា កូនរបស់គាត់បានបាត់ចេញពីផ្ទះអស់រយៈពេល៧ថ្ងៃហើយ គឺមិនបានដឹងដំណឹងថា ស្នាក់នៅទីណាទេ គ្រាន់តែដឹងថា មានបុរសម្នាក់ឈ្មោះ ហេង អាយុប្រហែងជាង៣០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធរួចហើយ តែបានមកទាក់ទងកូនស្រីរបស់គាត់អស់រយៈពេល៦ខែហើយ មិនដឹងនាំកូនស្រីគាត់ទៅណាទេ គ្រាន់តែដឹងថា កូនស្រីរបស់គាត់បានទូរសព្ទមកទារលុយគាត់តែប៉ុណ្ណោះ។
ក្រោយពីបានទៅប៉ុស្តិ៍នគរបាលចោមចៅសមត្ថកិច្ចបានណែនាំរួចក៏ត្រឡប់ទៅផ្ទះវិញទាំងអស់សង្ឃឹម៕


មតិយោបល់