
MacBook Pro គឺជាកុំព្យូទ័រយួរដៃសំណព្វប្រចាំក្រុមហ៊ុន Apple មានរាងក្រាស់ជាង MacBook Air បន្តិច ប៉ុន្តែវានៅតែមានរាងស្តើងល្មម ហើយមានសមត្ថភាពខ្លាំងទៀតផង។ តើ MacBook Pro ស៊េរីចុងឆ្នាំ 2015 នេះមានអ្វីអស្ចារ្យទៅ? ហើយមុននឹងទិញយកវាមកប្រើ តើកត្តាអ្វីដែលប្រិយមិត្តគួរយល់ដឹង?
បើចង់ជ្រាបច្បាស់ សូមប្រិយមិត្តស្វែងយល់ពីចំណុចល្អ និងចំណុចមិនល្អនៃកុំព្យូទ័រដ៏ស្រស់ស្អាតមួយនេះជាមុនសិន។
ចំណុចល្អ
- វាមានរាងស្អាត ស្តើងល្មម និងទម្ងន់ស្រាលត្រឹម ១.៥ គីឡូក្រាមប៉ុណោ្ណះ ងាយយកតាមខ្លួន ឬទៅតាមហាងកាហ្វេ
- តួរបស់វាស្រោបដោយលោហៈធាតុគ្រឹម ធន់នឹងការប៉ះទង្គិច ហើយមាំល្អ
- បន្ទះ Touchpad បង្កប់មកជាមួយមុខងារ Force Touch ដែលជាមុខងារកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅលើកំពូលទូរស័ព្ទដៃ iPhone ស៊េរីចាប់ពី 6s ឡើងទៅ
- វាមានអេក្រង់ប្រភេទ Retina ច្បាស់ល្អឥតខ្ចោះ ជាមួយទំហំខ្នាត (2560×1600) និងកម្រិតភាពច្បាស់ ២២៧ppi (ចំពោះអេក្រង់ទំហំ ១៣.៣ អ៊ីញ) យើងអាចសម្លឹងមើលវាបានយូរ ដោយមិនឈឺភ្នែក ឬព្រាលស្រវាំងអ្វីឡើយ
- ក្តារចុចរបស់វារំលេចពន្លឺទាក់ភ្នែក ងាយស្រួលចុចប្រើប្រាស់ពេលរាត្រី និងអាចបន្ថែម ឬបន្ថយពន្លឺបានទៅតាមស្ថានភាពផងដែរ
- វាប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ SSD ឬហៅថា Flash Storage (ការបញ្ជូនទិន្នន័យលឿនជាងអង្គផ្ទុកទិន្នន័យធម្មតាច្រើនដង) ធ្វើឲ្យប្រព័ន្ធប្រតិបត្តិការដើរយ៉ាងរលូនល្អ
- ថាមពលពលថ្មរបស់វាអាចប្រើបានយូររហូតដល់ទៅ ១០ ម៉ោងឯណោះ និងងាយស្រួលដាក់តាមខ្លួនបានពេញមួយថ្ងៃ
- រន្ធដោត USB ស៊េរី 3.0 ( ផ្ទេរឯកសារបានលឿនជាងរន្ធ USB ស៊េរី 2.0 ដល់ទៅ ៣ដង )
ចំណុចមិនល្អ
- កម្មវិធីប្រើប្រាស់ ឬវីដេអូហ្គេមពុំសូវសម្បូរបែបដូចទៅនឹងកុំព្យូទ័រដើរដោយប្រព័ន្ធប្រតិបត្តិការ Windows នោះទេ
- ការបង្ហាញវីដេអូកម្រិតខ្ពស់ ឬការលេងហ្គេមធំៗ អាចនឹងដំណើរការមិនសូវជារលូនល្អទេ ដោយសារតែវាមិនបានភ្ជាប់មកជាមួយអង្គក្រាហ្វិកជំនួយ ( Dedicate Video Memory) ដែលគេចំណាំហៅថា VGA ដាច់។
- អង្គចងចាំ ( RAM ) ពុំអាចបន្ថែមបាន ពោលគឺ ទិញមកប៉ុណ្ណាគឺប្រើបានប៉ុណ្ណឹងហើយ និងមានត្រឹមតែពីរជម្រើសប៉ុណ្ណោះគឺទំហំ 4GB និង 8GB
- អង្គផ្ទុកទិន្នន័យក៏មិនអាចបន្ថែមបានដែរ
- បន្ទះថ្មរបស់វា ត្រូវបានបិទជាប់ផ្ទៃខាងក្នុង ដែលបង្កជាផលពិបាកក្នុងការដោះថ្មចេញម្តងៗ
- វាពុំមានកន្លែងចាក់ថាស DVD អីនោះឡើយ
- MacBook Pro ស៊េរីចុងឆ្នាំ ២០១៥ នេះមានតម្លៃខ្ពស់រហូតដល់ខ្ទង់ ១,២០០ ដុល្លារឡើងទៅ (តម្លៃក្នុងស្រុកខ្មែរ)
សង្ខេបមកវិញ ប្រសិនបើប្រិយមិត្តស្រលាញ់រចនាបថផ្នែកខាងក្រៅ និងកម្រិតគុណភាពអេក្រង់ច្បាស់ល្អ ថែមទាំងចូលចិត្តធ្វើការពេលយប់ និងយកប្រើប្រាស់តាមខ្លួនជាប់ជានិច្ចនោះ MacBook Pro ស៊េរីចុងឆ្នាំ ២០១៥ នេះពិតជាសាកសមបំផុតសម្រាប់អ្នក ដោយសារវាភ្ជាប់មកជាមួយអេក្រង់ប្រភេទ Retina មានរាងស្តើង និងមានថាមពលថ្មកាន់បានយូរ រីឯក្តារចុចបង្កប់ដោយពន្លឺស្រទន់ ជាពិសេសនោះវារឹតតែសាកសមសម្រាប់អ្នកដែលសិក្សាជំនាញ Programming ឬ Web Development។
ផ្ទុយមកវិញ ប្រសិនបើយើងជានិស្សិត ឬបុគ្គលិកការិយាល័យ ដែលមានតម្រូវការប្រើប្រាស់ត្រឹមតែវាយអត្ថបទ Office បន្តិចបន្តួច ប្រាកដណាស់ថាប្រិយមិត្តពុំគួរចំណាយលុយជាច្រើនខុសគោលដៅ មកទិញយកឧបករណ៍ដែលមានតម្លៃខ្ពស់បែបនេះទេ៕





មតិយោបល់