ព័ត៌មានជាតិ

ទេសចរខ្មែរ និងថៃ១២នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល ដោយសារ​ក្រឡាប់រថយន្ត

ថៃ: ​ប្រជាពលរដ្ឋខ្មែរប្រុសស្រី៦នាក់ និងជនជាតិថៃ៦នាក់ទៀត សរុប១២នាក់បាន​ធ្វើដំណើរតាមរថយន្ត១គ្រឿងទៅកម្សាន្តនៅប្រទេសថៃ ក៏ជួបហេតុការណ៍អាក្រក់មួយ ដោយរថយន្តបែកកង់ក្រោយរេចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ នាំឱ្យអ្នកធ្វើដំណើរក្នុងរថយន្តទាំងជនជាតិខ្មែរ និងថៃ ស្លាប់និងរងរបួសធ្ងន់ស្រាល។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្បែរជើងភ្នំខ្លែង ក្នុងស្រុកណងយ៉ៃ ខេ្តឈុនបុរី ប្រទេសថៃ។

ហេតុការណ៍នេះ បើតាមការដកស្រង់ព័ត៌មានពីកាសែតក្នុងប្រទេសថៃឱ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំង១២នាក់មានជនជាតិថៃម្នាក់ជាអ្នកបើករថយន្តតែម្តង បានស្លាប់នៅកន្លែងកើតហេតុដោយ​រថយន្តគាបសង្កត់ពីលើ ចំណែកជនជាតិខ្មែរ មិនមានអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់បាត់បង់ជីវិតនោះឡើយ គ្រាន់តែរងរបួសធ្ងន់ និងស្រាលប៉ុណ្ណោះ ត្រូវបានរថយន្តពេទ្យរបស់ថៃដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅក្នុងមន្ទីរពេទ្យនៃខេត្តឈុនបុរី។

ប្រភពព័ត៌មានពីកាសែតថៃដដែលឱ្យដឹងទៀតថា ជនជាតិខ្មែរទាំង៦នាក់ ពួកគេធ្វើដំណើរទេសចរណ៍កម្សាន្តនៅក្នុងប្រទេសថៃ ដោយចេញដំណើរពីចំណតរថយន្តមួយកន្លែងក្នុងខេត្តឈុនបុរី គោលបំណងទៅខេត្តត្រាត។

​ប្រភពព័ត៌មានឱ្យដឹងទៀតថា រថយន្តដឹក​ជនជាតិខ្មែរ-ថៃ រងការក្រឡាប់ដោយបើកបរល្បឿនលឿន ដល់ចំណុចកើតហេតុខាងលើរថយន្តបែកកង់ក្រោយផ្នែកខាងឆ្វេង ធ្វើឱ្យតៃកុងរថយន្តបាត់ម្ចាស់ការខ្លួនឯង ភ័យស្លន់ស្លោ នាំឱ្យរថយន្តរេចង្កូតក្រឡាប់ធ្លាក់ផ្លូវចូលប្រឡាយតែម្តង។

ជនជាតិខ្មែរទាំង៦នាក់ដែលរងរបួសត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ១មានឈ្មោះ ស៊ី ឡៃ ភេទស្រី អាយុ៣២ឆ្នាំ ២ឈ្មោះ ឡុង កល្យាណ ភេទស្រី អាយុ២០ឆ្នាំ ៣ឈ្មោះ ញ៉ែម សុភក្តិ ភេទប្រុស ​អាយុ២៨ឆ្នាំ ៤ឈ្មោះ សន សួន ភេទប្រុស អាយុ៥០ឆ្នាំ ៥ឈ្មោះ ពៅ ក្លឹប ភេទប្រុស អាយុ៥២ឆ្នាំ និង៦ឈ្មោះ ថា កុសសល ភេទប្រុស អាយុ២៤ឆ្នាំ។ ជនរងគ្រោះទាំងនោះកំពុងស្ថិតក្នុងការសង្រ្គោះនៅមន្ទីរពេទ្យស្រុកណងយ៉ៃ ខេត្តឈុនបុរី៕

មតិយោបល់