ភ្នំពេញៈ រថយន្តកាមរីមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន រេចង្កូតទៅបុករះនឹងរនាំងថ្ម ចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់រងការខូចខាតអស់ជាច្រើនកង់ សំណាងល្អគ្មានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី យប់ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច មុខបណ្ណាល័យសម្តេច ហ៊ុនសែន តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកកាមរី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-8885 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនយ៉ាងលឿន លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកនឹង រនាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បាក់អស់ជាច្រើនកំណាត់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខដាច់កង់អស់មួយ និងបែកកញ្ចក់ខាងមុខ។
ទោះជាយ៉ាងណា ម្ចាស់រថយន្តបង្កខាងលើ បានឲ្យដឹងថា មូលហេតុដែលគាត់បើករថយន្តទៅបុករបាំងថ្មចែកទ្រូងផ្លូវនេះ ដោយសារតែរបាំងថ្មចែកទ្រូងផ្លូវត្រង់ចំណុចកើតហេតុ មិនមានរណាំងចាំងផ្លាត និងភ្លើងបំភ្លឺតាមដងផ្លូវនោះទេ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកធ្វើការវាស់វែង យករថយន្តខាងលើ យកទៅរក្សាទុកនូវការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ត ចូលខ្លួនទៅដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់