ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ក្រោយពីមាន ម៉ូតូ ព្យាយាមវ៉ារថយន្តធន់ធំមួយគ្រឿង ប៉ុន្តែមិនផុត បែរជារអិលធ្លាក់ផ្លូវ រួចក៏រ៉េចង្កូតទៅបុកបុរសជាជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ដួលម៉ូតូអូសជាង៣០ម៉ែត្រ បណ្តាលឲ្យយុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង១០ នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតគេបានឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងតាមបណ្តោលផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ ក៏ព្យាយាមបើកម៉ូតូវ៉ារថយន្តធន់ធំមួយគ្រឿង ប៉ុន្តែមិនផុត បែរជាធ្លាក់ផ្លូវ ខណៈពេលឡើងមកលើផ្លូវវិញ ក៏រ៉េចង្កូតទៅបុកជាមួយបុរសជនជាតិចិនម្នាក់ ដែលធ្វើដំណើរតាមផ្លូវខាងលើ ស្របទិសគ្នា បណ្តាលឲ្យដួលម៉ូតូ អូសចម្ងាយជាង៣០ម៉ែត្រ ស្លាប់ម្នាក់ ចំណែក២នាក់ទៀតរងរបួសធ្ងន់និងស្រាល រីឯជនជាតិចិនរងបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
តាមសម្តីរបស់ប្អូនប្រុសម្នាក់ ដែលជាអ្នកជិះម៉ូតូជាមួយជនរងគ្រោះនោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំង៣ បានជិះម៉ូតូមកពីផឹកស៊ីនៅផ្ទះរបស់មិត្តភក្តិបម្រុងនឹងជិះដើរលេង ប៉ុន្តែជាអកុសល ជិះវ៉ារថយន្តធន់ធំមួយគ្រឿងមិនផុតបែរជាធ្លាក់ផ្លូវទៅបុកនឹងជនជាតិចិនដែលជាអ្នកថ្មើរជើង បណ្តាលឲ្យដួលម៉ូតូ អូសជាង៣០ម៉ែត្រស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងប្រគល់សាកសពជូនទៅ ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ ចំណែកជនរងគ្រោះដែលជាជនជាតិចិនត្រូវបានរថយន្តសាមុយ បញ្ជូនទៅមន្ទីពេទ្យ។ រីឯម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការខណ្ឌ ដើម្បីរង់ចាំបងប្អូនម្ចាស់ម៉ូតូមកទទួលផងដែរ៕
មតិយោបល់