បន្ទាយមានជ័យៈ យ៉ាងហោចណាស់មានមនុស្សពីរនាក់ឪពុកនិងកូនបានរងរបួសធ្ងន់និងស្រាលខណៈដែលរថយន្តវីស្តូមួយគ្រឿងបានរេចង្កូតបុកចូលទៅក្នុងផ្ទះលក់ដូរមួយកន្លែងក្បែរចិញ្ចើមផ្លូវទាំងកំរោល ។ ហេតុការណ៍កើតឡើងនៅម៉ោងប្រមាណ១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦តាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ ខាងលិចស្ពានសែសិន ២០០ម៉ែត្រ មុខផ្ទះសំណាក់សីដនី ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរៈសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការស្តីទីកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះគឺផ្តើមចេញពីនារីវ័យម្នាក់ដែលគេដឹងថាបម្រើការក្នុងក្លឹបហ្គោលថោន បើកបរក្នុងឥទ្ធិពលនៃជាតិស្រវឹងបានរេចង្កូតបុកចូលទៅក្នុងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ឪពុកនិងកូន ដែលកំពុងតែដេកលង់លក់ក្នុងដំណេក។ ដោយជនរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ ជៀវ គង់ ប្រុសអាយុ៣០ឆ្នាំ និងកូនប្រុសម្នាក់ទៀតឈ្មោះ គង់ សុគុណប្រុស អាយុ៤ឆ្នាំ អ្នកទាំង២រស់នៅក្នុងភូមិ សែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងបានបណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនបើគិតជាទឹកប្រាក់អស់រាប់ពាន់ដុល្លារផងដែរ។
ក្រោយកើតហេតុនារីវ័យក្មេងដែលបង្កគ្រោះថ្នាក់នេះត្រូវបានបុរសម្នាក់មកដឹករំដោះចេញទៅបាត់ដោយទុករថយន្តបង្កនៅកន្លែងកើតហេតុរីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យដើម្បីឲ្យក្រុមគ្រូពេទ្យជួយធ្វើការសង្គ្រោះនិងព្យាបាល ៕
មតិយោបល់