ព័ត៌មានបច្ចេកវិទ្យា

អូស្រ្តាលី នឹងបំពាក់បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ជំនួសលិខិតឆ្លងដែន

ប្រទេសអូស្រ្តាលី បានចាប់ផ្តើមការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាស្កេនក្រយៅដៃ ប្រស្រីភ្នែក និងផ្ទៃមុខ នៅតាមព្រលានយន្តយោះរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យអ្នកដំណើរឆ្លងកាត់ច្រកព្រំដែន ដោយមិនចាំបាច់បង្ហាញលិខិតឆ្លងដែន ឬសូម្បីតែនិយាយស្តីទៅកាន់នរណាម្នាក់។

គម្រោង Seamless Traveler នេះ កើតចេញពីក្តីបំណងចង់ឱ្យអ្នកដំណើរតាមជើងយន្តហោះប្រមាណ ៩០% ទទួលបានបទពិសោធន៍ក្នុងការឆ្លងកាត់ព្រំដែនដោយពុំចាំបាច់មានអ្នកឆែក និងរហ័សទាន់ចិត្ត។ ម្យ៉ាងទៀត មន្រ្តីប្រចាំច្រកទាំងនោះ អាចផ្តោតការយកចិត្តទុកដាក់ទៅលើអ្នកដំណើរទាំងឡាយណាដែលមើលទៅមានការសង្ស័យខ្ពស់។

អ្នកវិភាគសន្តិសុខសុវត្ថិភាពមួយរូប គឺលោក Jonh Coyne បានប្រាប់កាសែត Sidney Morning Herald របស់អូស្ត្រាលីថា៖ «គម្រោងនេះ នឹងបើកឱ្យអ្នកដំណើរអន្តរជាតិ ឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសអូស្រ្តាលី ដូចដែលពួកគេដើរឆ្លងកាត់អាកាសយានក្នុងប្រទេសរបស់ពួកគេអីចឹង»។

ប្រព័ន្ធស្កេនអ្នកដំណើរដ៏ទំនើបនេះ នឹងដាក់ជំនួសឧបករណ៍ស្កេនលិខិត ឆ្លងដែន SmartGates ដែលត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីដប់ឆ្នាំមុនមកម្លេះ ហើយបើតាមគម្រោងនេះ រដ្ឋាភិបាលនឹងចាប់ផ្តើមបំពាក់វាសម្រាប់អ្នកដំណើរក្នុងខែកក្កដា នៅឯព្រលានយន្តហោះតូចមួយនាទីក្រុង Canberra រួចពង្រីកការប្រើប្រាស់នៅគ្រប់ព្រលានក្នុងខែមិនា ឆ្នាំ ២០១៩៕

ប្រភពព័ត៌មាន៖ engadget

មតិយោបល់