ភ្នំពេញៈ បុរសជាសន្តិសុខហាងម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវធ្វើការឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកទូរសព្ទដៃម៉ាក Iphone6 មួយគ្រឿង ខណៈពេលដែលស្ត្រីម្នាក់ដាក់សាកថ្មលើតុក្បាលដំណេក ហើយរូបគេធ្វើសកម្មភាពលួចយកទៅលាក់ទុកក្នុងហោប់ៅខោ ហើយម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
ការឃាត់ខ្លួននេះ បានធ្វើឡើកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ៧៩៩ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ែម សុខលីន អាយុ២៣ឆ្នាំ សន្តិសុខហាង ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៤៩០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានដាក់ទូរសព្ទដៃម៉ាក Iphone6 ពណ៌ខ្មៅមួយគ្រឿងរបស់ខ្លួនសាកថ្មនៅលើតុក្បាលដំណេកក្នុងផ្ទះ ដោយដេកលក់មួយស្របក់ភ្ញាក់ឡើងរកទូរសព្ទមិនឃើញ ក៏បានឃើញបុរសជាជនសង្ស័យឈរនៅខាងមុខផ្ទះ ក៏ស្រែកសួរហើយជនសង្ស័យក៏ដកយកចេញពីហោប៉ៅខោឲ្យវិញ ប៉ុន្តែត្រូវម្ចាស់ចាប់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវតែម្តង។
ក្រោយពេលកើតហេតុ ទូរសព្ទដៃម៉ាក Iphons6 មួយគ្រឿងនោះ ត្រូវបានប្រគល់ឲ្យទៅស្រ្តីជាជនរងគ្រោះវិញ ចំណែកឯបុរសជាជនសង្ស័យ ត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរ និងកំណត់ហេតុ ដើម្បីបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕





មតិយោបល់