ព័ត៌មានជាតិ

ស៊ីមួយក្រុមជាប់គុកតែម្នាក់ ករណីធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរខុសច្បាប់ឲ្យវៀតណាមជាង៥០នាក់

ភ្នំពេញៈ ក្រោយពីបើកសវនាការកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅម្តងរួចទៅហើយ ប៉ុន្តែមិនទាន់បានបិទបញ្ចប់នោះ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះទោសលើបុរសជនជាតិវៀតណាម ជាប្រធានសមាគមវៀតណាមប្រចាំខណ្ឌសែនសុខម្នាក់ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំឯកសារ ធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ឲ្យជនជាតិវៀតណាម ចំនួន៥១នាក់ដោយខុសច្បាប់។

នៅក្នុងសវនាការនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ តុលាការបានសាកសួរលោក លី ណារឿន អនុប្រធានការិយាល័យអនុវត្តនីតិវិធី នៃនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានឆ្លើយថា ក្រោយពីស្រាវជ្រាវ និងអនុវត្តការធ្វើជំរឿនស្ថិតិជនអន្តោប្រវេសន៍វៀតណាមទូទាំងប្រទេសរួចមក នាយកដ្ឋានរបស់លោកបានកំណត់មុខសញ្ញានិងឃាត់ខ្លួនបានជនជាតិវៀតណាមចំនួន១២នាក់ ដែលបានកាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដោយខុសច្បាប់ (ក្លែងក្លាយ)នៅខេត្តបន្ទាយមានជ័យ។ ក្រោយមកទើបឈានទៅដល់ការកំណត់មុខសញ្ញានៅទីក្រុងភ្នំពេញ គឺមានឈ្មោះ ង្វៀង ហ្វាយស៊ុន ជាអ្នករៀបចំធ្វើឲ្យពួកគេ ដោយមានការជួយសម្រួលពីឈ្មោះ វ៉េ ឡាយអៀង ជាមន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍។

លោកបន្តថា ជនជាតិវៀតណាមដែលប្រើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទាំងអស់នោះត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញហើយ ចំណែកជនជាប់ចោទត្រូវបានក៏សាងសំណុំរឿងបញ្ជូនមកតុលាការ។ ដោយឡែកមន្ត្រីឈ្មោះ វ៉េ ឡាយអៀង ត្រូវបាននាយកដ្ឋានសម្រេចបណ្ដេញចេញពីក្របខ័ណ្ឌការងារហើយ។

ប៉ុន្តែចំពោះលោកឧត្តមសេនីយត្រី ឆន វុត្ថា ដែលជនជាប់ចោទធ្លាប់អះអាងថា ជាអ្នកធានារឿងធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរឲ្យជនជាតិវៀតណាបាន និងធានាដោះស្រាយពេលមានរឿងអ្វីនោះមិនត្រូវបានតុលាការកោះហៅមកតទល់គ្នាជាមួយជនជាប់ចោទនោះទេ ហើយក៏មិនត្រូវបានមន្ត្រីឈ្មោះ លី ណារឿន បញ្ជាក់ថា ត្រូវដកដំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនោះទេ ពោលគឺមិនត្រូវបានគេរំលឹកឈ្មោះសោះ។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ង្វៀង ហ្វាយស៊ុន ហៅ វេង ស៊ុន ហៅ តាបៃ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម ត្រូវបានលោក សេង ហៀង តំណាងអយ្យការចោទប្រកាន់ពីបទក្លែងបន្លំ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៥ និង២០១៦ យោងតាមមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌ។

ហើយនៅក្នុងសវនាការក្នុងពេលកន្លងទៅ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានទទួលលុយរត់ការធ្វើលិខិតស្នាមឲ្យជនជាតិវៀតណាម ចំនួន៥១នាក់ ដោយក្នុងនោះម្នាក់ត្រូវបង់ចាប់ពី៥០ដុល្លារទៅដល់៧៥ដុល្លារ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ពិតប្រាកដមែន។

ជនជាប់ចោទបន្តថា គាត់បានស្គាល់ឈ្មោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ឋានៈផ្កាយ១ ឈ្មោះ ឆន វុត្ថា ហើយមន្ត្រីម្នាក់នោះសន្យាថា ធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ឲ្យជនជាតិវៀតណាមបាន។ ក្រោយមកឈ្មោះ ឆន វុត្ថា បានប្រើឈ្មោះ វ៉េ ឡាយអៀង ជាកូនចៅឲ្យរៀបចំធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ឲ្យជនជាតិវៀតណាម ទាំងនោះ ដោយមានចេញបង្កាន់ដៃត្រួតពិនិត្យ ហៅកាត់ថា “អ៣” ចុះហត្ថលេខាទទួលស្គាល់ដោយឧត្តមសេនីយ៍ត្រីម្នាក់ និងអភិបាលរងរាជធានីភ្នំពេញម្នាក់ផងដែរ។ ស្រាប់តែក្រោយមកការងារនោះ មិនបានសម្រេចទាំង៥១នាក់ទេ ទើបតែបានមួយចំនួន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនគាត់តែម្តង ហើយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ខ្លួនត្រូវតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសតែម្តងទៅ៕

https://youtu.be/jtSb3H5km7Y

មតិយោបល់