ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួន ក្រោយពីវាយប្លន់យកកាបូបលុយ និងទូរសព្ទដៃ ពីយុវជនម្នាក់។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោយមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមរំលឹកផដែរថា កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងល្បាត ប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការឃាត់ខ្លួននៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យម្ដងមកហើយ ដោយសង្ស័យករណីលួច ហើយសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ និងឲ្យវិលត្រឡប់ទៅផ្ទះវិញ។ លុះនៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១យប់ ជនសង្ស័យទាំងពីរនាក់ បានវាយប្លន់យុវជនម្នាក់ឈ្មោះ ហេង សុជាត អាយុ១៨ឆ្នាំ មុខរបរអនាម័យ នៅផ្សារអូរឫស្សី ។ បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។
ក្រោយទទួលបានពាក្យបណ្ដឹងរួច សមត្ថកិច្ចបានស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាមុខសញ្ញាចាស់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ឈិន វរៈ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរជាងសំណង់ ទី២ឈ្មោះ អឿង ណារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរដេរពូក។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕




មតិយោបល់