ព័ត៌មានសេដ្ឋកិច្ច

ទឹកស្អាត ផ្គត់ផ្គង់ស្ទើរតែពេញរាជធានីភ្នំពេញ លើកលែងតែសង្កាត់ទើបបង្កើតថ្មី

នាពេលបច្ចុប្បន្ន ទឹកស្អាត ត្រូវបានផ្គត់ផ្គង់ស្ទើរតែពេញរាជធានីភ្នំពេញទៅហើយ លើកលែងតែ សង្កាត់ទើបតែបង្កើតថ្មីប៉ុណ្ណោះ ដែលមិនទាន់បានតប្រព័ន្ធទឹកទៅដល់។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

ក្រោយការដាក់ឲ្យដំណើរការស្ថានីយ៍ទឹកស្អាតថ្មីមួយទៀត នៃគម្រោងទឹកស្អាតនិរោធទី ២ នឹងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានជិត ១០០ភាគរយ ក្នុងខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ។

រោងចក្រផលិតទឹកស្អាតរបស់រដ្ឋាករទឹកក្រុងភ្នំពេញ មាន ៤កន្លែង អាចផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋបាន ៥៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ហើយតម្រូវការជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អាចមានការកើនឡើងច្រើនជាងនេះ នាពេលខាងមុខ។

បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន ៤កន្លែង រួមមានរោងចក្រផ្គត់ផ្គង់ទឹកស្អាតនិរោធ រោងចក្រផ្គត់ផ្គង់ទឹកស្អាតភូមិព្រែក រោងចក្រផ្គត់ផ្គង់ទឹកស្អាតជ្រោយចង្វារ និងរោងចក្រផ្គត់ផ្គង់ទឹកស្អាតចំការមន ហើយរោងចក្រផ្គត់ផ្គង់ទឹកស្អាតនិរោធទី ១ និងទី ២ គ្រោងនឹងសម្ពោធប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។

គួរជម្រាបដែរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគិតគូររួចហើយ ចំពោះសេចក្តីត្រូវការទឹក ដែលកំពុងកើនឡើងជាបន្តបន្ទាប់ សម្រាប់រៀបចំផែនការមេ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០៣០ ដែលក្នុងនោះមានគម្រោងសាងសង់រោងចក្រថ្មីបន្ថែមទៀត នៅភាគខាងជើង រាជធានីភ្នំពេញ៕

មតិយោបល់