ព័ត៌មានជាតិ

ក្រុមឃាតករដែលសម្លាប់សិស្សសាលាវិទ្យាល័យពងទឹក ត្រូវតុលាការកាត់ទោស

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសជនជាប់ចោទចំនួន ៧នាក់ ដែលជាប់ពាក់ព័ន្ធករណី សម្លាប់សិស្សស្រីម្នាក់នៃវិទ្យាល័យពងទឹក។

លោកស្រី កែវ សុគន្ធា តំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទ ទី១ឈ្មោះ ជុំ វិរៈ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិតាបោះ សង្កាត់ព្រៃស ខណ្ឌដង្កោ ជាជនដៃដល់ និងត្រូវជាបងជីដូនមួយជនរងគ្រោះ។ ទី២ឈ្មោះ សុខ សុភាព អាយុ១៧ឆ្នាំ មានទីលំនៅក្នុងបូរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ទី៣ឈ្មោះ លឹម បញ្ញាវន្ត អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ទី៤ឈ្មោះ ហុង សុជោតា អាយុ២១ឆ្នាំ មានទីលំនៅក្នុងបូរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ទី៥ឈ្មោះ សុខ សុភា អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ពីបទ មនុស្សឃាត គិតទុកជាមុន និងបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះបាក់បែក ភូមិព្រៃល្វា សង្កាត់ព្រៃវែង ខណ្ឌសង្កោ យោងតាមមាត្រា ២០០ និងមាត្រា ៣៦០នៃក្រមព្រហ្មទណ្ឌ។ ទី៦ ឈ្មោះ ឡេង ដានី អាយុ១៧ មានទីលំនៅក្នុងភូមិថ្លុកដូនទុំ ឃុំបានកាន ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ទី៧ឈ្មោះ គ្រឿ ចន្ធូ អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាប់ចោទពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ យោងតាមមាត្រា ៣៩៩ និងមាត្រា ៤០០នៃក្រមព្រហ្មទណ្ឌ។

ដោយឡែកជនរងគ្រោះឈ្មោះ វុន រដ្ឋា ភេទស្រី អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២D នៃវិទ្យាល័យពងទឹក ស្នាក់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ
ត្រូវក្រុមជនជាប់ចោទវាយសម្លាប់ប្លន់យកម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៧។

នៅក្នុងសវនាការនាព្រឹកនេះជនជាប់ចោទឈ្មោះ ជុំ វិរៈ ជាជនដៃដល់ និងត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះ បានសារភាពថា ខ្លួនពិតជាបានខលហៅជនរងគ្រោះទៅផឹកស៊ីជាមួយជនជាប់ចោទឈ្មោះ វ័ន្ត និងសុជោតា រួចក៏បើកម៉ូតូដឹកជនរងគ្រោះទៅវាយសម្លាប់ដោយប្រើដុំឥដ្ឋ និងក្រោយមកក៏យកម៉ូតូជនរងគ្រោះជិះចេញទៅលក់ឲ្យឈ្មោះ ដានី និងចន្ធូ យកលុយចែកគ្នាចាយ។

លោកស្រី វិត សម ជាម្តាយជនរងគ្រោះបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកស្រីបានប្តឹងទាមទារជំងឺចិត្តពីជនជាប់ចោទចំនួន ៥ម៉ឺនដុល្លារ និងសុំឲ្យតុលាការដាក់ទោសជនជាប់ចោទឲ្យធ្ងន់បំផុតដែលសាកសមនឹងការប្រព្រឹត្តលើកូនស្រីរបស់គាត់។

គួររំលឹកថា ក្រុមជនជាប់ចោទទាំងអស់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួននៅ យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅខាងក្រោយស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបានកសាងសំណុំរឿងទៅកាន់តុលាការចាត់ការតាមនីតិវិធី។

ទោះយ៉ាងណា សំណុំរឿងនេះត្រូវតុលាការលើកទៅបន្តសវនាការនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ៕

មតិយោបល់