ព័ត៌មានជាតិ

សង្ស័យស្រវឹង!. ឡង់គ្រឺស័របើកបុកកាមរីបានឡែន ជ្រុលទៅរថយន្តពន្លត់អគ្គិភ័យ រងការខូចខាត

ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងស្រា ធ្លាក់ភ្នែក បានបើករថយន្តឡង់គ្រឺស័រ មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកគូទរថយន្តកាមរីបាឡែន មួយគ្រឿងដែលចតចោលនៅចិញ្ចើមផ្លូវមុខកន្លែងទុករថយន្តពន្លត់អគ្គិភ័យ បណ្តាលឲ្យរថយន្តបាឡែនជ្រុលបន្តទៅបុកនឹងរថយន្តពន្លត់អគ្គិភ័យ ដែលចតក្នុងកន្លែងរបស់គេ បណ្តាលឲ្យខូចខាតយ៉ាងដំណំ បែរជាមិនទទួលខុសត្រូវ ព្យាយាមបើករថយន្តគេច ពីចំណុចកើតហេតុ រហូតមកដល់ចំណុចផ្លូវលេខ ១១៣ កែងនឹងផ្លូវលេខ ៣២០ទើបព្រមឈប់រថយន្ត ព្រោះមានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមពីក្រោយច្រើនពេក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ទល់មុខនឹងកន្លែងរថយន្តពន្លត់អគ្គិភ័យតែម្តង ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុខពេលកើតហេតុគេបានឃើញ រថយន្តឡង់គ្រឺស័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1169 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧០ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តឡង់គ្រឺស័រនោះបានរេចង្កូតទៅបុកគូទ រថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2U-2516 ដែលចតចោលនៅចិញ្ចើមផ្លូវ មុខកន្លែងរថយន្តពន្លត់ អគ្គិភ័យ យ៉ាងពេញទំហឹង បណ្តាលរថយន្តកាមរីបាឡែនខ្ទាតទៅប៉ះជាមួយរថយន្តពន្លត់អគ្គភ័យ បណ្តាលឲ្យខូចខាតថែមទៀត។

ភ្លាមៗបន្ទាប់ពីកើតហេតុ រថយន្តឡង់គ្រឺស័ ដែលបង្កហេតុនោះ មិនព្រមឈប់ទទួលខុសឡើយ ដោយរថយន្តនោះព្យាយាមបើកគេចពីកន្លែងកើតហេតុ រហូតមកដល់ចំណុចផ្លូវលេខ ១១៣ កែងនឹងផ្លូវលេខ ៣២០ ទើបព្រមឈប់រថយន្ត ព្រោះមានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមពីកក្រោយច្រើនពេក។ បន្ទាប់ពីរថយន្តបង្កនោះព្រមឈប់ហើយក៏មានប្រជាពលរដ្ឋជាច្រើនខឹងក៏មកវាយរថយន្តឡង់គ្រឺស័រនេះ បណ្តាលឲ្យបែកកញ្ចក់មុខ ព្រោះពួកគាត់ខឹងនិងអ្នកបើកបរនេះមិនចេះទទួលខុសត្រូវ នៃកំហុសរបស់ខ្លួនបានធ្វើ ។

ទោះជាយ៉ាងណាបុរសដែលបើកបររថយន្តនោះ មិនហ៊ានចុះពីរថយន្តឡើយ ព្រោះថាខ្លាចប្រជាពលរដ្ឋវាយគាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងភា្លម និងទាញយកបុរសដែលបើកបររថយន្តបង្កនោះយកទៅប៉ុស្តិ៍នគរបាលបឹងកេងកង៣ ភ្លែតតែម្តង ខ្លាចទប់ទល់និងមហាជនមិនជាប់ ក្រែងមានរឿងធំជាងនេះ ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កនិងរថយន្តរងគ្រោះ ត្រូវវាស់វែងយករក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយបន្តទៀត៕

https://youtu.be/X8jMUOpti6g

មតិយោបល់