ព័ត៌មានបច្ចេកវិទ្យា

Zuckerberg ច្រានចោលព័ត៌មានចចាមអារ៉ាមថាលោកចង់ធ្វើជាប្រធានាធិបតី

លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បាននិយាយថា លោកមិនមានផែនការឈរឈ្មោះធ្វើជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកនោះទេ។

ក្រោមការចោទសួរដោយកាសែត Buzzfeed លោកថា: “ខ្ញុំពុំមានចិត្តចង់ធ្វើជាប្រធានាធិបតីអ្វីទេ គឺខ្ញុំផ្តោតតែលើការកសាងសហគមន៍រួមគ្នាមួយតាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook និងកំពុងធ្វើការលើគម្រោង Chan Zuckerberg Initiative ប៉ុណ្ណោះ»។

ថ្មីៗនេះ មានការរំពឹងទុកថា លោក Zuckerberg អាចនឹងឈរឈ្មោះសម្រាប់ដំណែងប្រធានាធិបតីអាមេរិក ក្រោយពីលោកបានធ្វើសេចក្តីអត្ថាធិប្បាយនយោបាយ និងបានប្រកាសដំណើរទស្សនកិច្ចគ្រប់រដ្ឋរបស់សហរដ្ឋអាមេរិក។

នៅខែមេសា ឆ្នាំ 2016 កាសែត Fortune បានរាយការណ៍ថា Facebook បានយល់ព្រមផ្លាស់ប្តូររចនាសម្ព័នក្រុមហ៊ុនរបស់ខ្លួន ដែលនឹងអនុញ្ញាតឱ្យលោក Zuckerberg អាចឈរឈ្មោះនៅក្នុងការបោះឆ្នោតបាន។

កាលពីខែមករា លោកបានប្រកាសថា ខ្លួនប្តេជ្ញាធ្វើដំណើរទស្សនកិច្ច និងទៅប្រាស្រ័យទាក់ទងជាមួយពលរដ្ឋអាមេរិកនៅគ្រប់រដ្ឋ រួមទាំងរដ្ឋ 30 ដែលលោកមិនធ្លាប់បានទៅពីមុនមក។

បេក្ខជនប្រធានាធិបតីអាមេរិកជាធម្មតាតែងធ្វើដំណើរទៅគ្រប់រដ្ឋទាំងអស់ដើម្បីប្រមូលការគាំទ្រ។ Buzzfeed News និយាយថាលោក Zuckerberg «មិនបានឆ្លើយតបភ្លាមៗចំពោះសំណួរបន្ថែមអំពីមហិច្ឆតានយោបាយនាពេលអនាគតរបស់លោកនោះទេ។

គួរបញ្ចាក់ថា មហាសេដ្ឋីវ័យ ៣២ ឆ្នាំរូបនេះ នឹងគ្រប់អាយុឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរិកនៅឆ្នាំ 2020៕

ប្រភពព័ត៌មាន៖ bbc

មតិយោបល់