ព័ត៌មានសេដ្ឋកិច្ច

Kolao Group គ្រោងបង្កើតរោងចក្រតម្លើងរថយន្ត-ម៉ូតូ នៅតំបន់សេដ្ឋពិសេសខេត្តស្វាយរៀង

ក្រុមហ៊ុនកូឡៅគ្រុប មកពីប្រទេសកូរ៉េ នឹងបង្កើតរោងចក្រតម្លើងរថយន្ត និងទោចក្រយានយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក Oh Sei Yong ប្រធានក្រុមហ៊ុន Kolao Group បានបង្ហាញពីបំណងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រដំឡើងរថយន្តគ្រប់ប្រភេទ រួមទាំងម៉ូតូ និងការផលិតគ្រឿងបន្លាស់រថយន្ត។

សម្រាប់សមត្ថភាពផលិតរបស់រោងចក្រតម្លើងរថយន្តនេះ គឺគ្រោងនឹងផលិតរថយន្តឲ្យបាន ៣ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ និងម៉ូតូ ៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានបំណងបើកជាធនាគារ ដើម្បីឲ្យអតិថិជនខ្ចីលុយទិញរថយន្ត ពីក្រុមហ៊ុនផ្ទាល់តែម្តង។

ក្រុមហ៊ុន កូឡៅគ្រុប នឹងក្លាយជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ដែលវិនិយោគលើការតម្លើងរថយន្ត និងទោចក្រយានយន្តនៅកម្ពុជា ហើយក្រុមហ៊ុនក៏មាន ៩សាខាផ្តាច់មុខ ស្ថិតនៅក្នុងប្រទេសឡាវ សាធារណរដ្ឋកូរ៉េ កម្ពុជា​ សិង្ហបុរី ហុងកុង ថៃ វៀតណាម មីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក ព្រមទាំងមានតំណាងភ្នាក់ងារចែកចាយចំនួន ៦០ នៅទូទាំងសកលលោក។

គួរបញ្ជាក់ដែរថា គម្រោងនេះ​ នឹងផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរប្រមាណជា​ ១ម៉ឺន និងជម្រុញឲ្យប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់រថយន្តជជុះ អាចមានឱកាសទិញរថយន្តថ្មី ក្នុងតម្លៃសមរម្យ៕

មតិយោបល់