ព័ត៌មានជាតិ

HONDA C125 ២គ្រឿងសាកកម្លាំងគ្នា ស្លាប់ម្នាក់ របួសធ្ងន់២នាក់

កែបៈ ម៉ូតូ២គ្រឿង បុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរបួសធ្ងន់ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ចំណុចខាងកើតរូបសំណាកក្ដាម ចម្ងាយ២០ម៉ែត្រ លើផ្លូវជាតិ​លេខ៣៣A ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប​។

មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា ជនរងគ្រោះដែល​ស្លាប់នៅនឹងកន្លែង មាន​ឈ្មោះ រុន​ វី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិភ្នំលាវ​ ឃុំពងទឹក​ ស្រុកដំណាក់ចង្អើរ ខេត្តកែប​ ជិះម្នាក់ឯងម៉ាក HONDA C125​ ពណ៌ខ្មៅ ស៊េរី២០១៥ គ្មានពាក់ស្លាកលេខ។ ចំណែកភាគីម្ខាងទៀតជិះ​ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ​ សេរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BT-0236 ​បើកបរដោយឈ្មោះ អ៊ៀរ​ ហ៊ួរ​ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ ​រស់នៅភូមិភ្នំលាវ​ដូចគ្នា រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ​ ព្រួច​ ប្រុស​ អាយុ​២៤ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅភូមិភ្នំលាវដូចគ្នា​រងរបួសធ្ងន់។

ប្រភព​ដដែលបន្តថា មុនហេតុការណ៍ យុវជនដែលស្លាប់ជិះម្នាក់ឯងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកនឹងម៉ូតូមួគ្រឿងទៀតដែល​ជិះឌុបគ្នា២នាក់ ពេញទំហឹងក្នុងទិសដៅស្របគ្នាពីលិចទៅកើត ​បណ្ដាលឲ្យដួលស្លាប់នៅនឹងកន្លែងម្នាក់​ និងរបួសសធ្ងន់ពីរនាក់។​​

ភ្លាមៗនោះ អ្នករងរបួស ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកកែប ដឹកយកទៅសង្រ្គោះ តែសស្ថានភាពធ្ងន់ធ្ងរពេក ទើបដឹកបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកកំពត។ ចំណែកសព ​ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកែប ដឹកយកទៅប្រគល់ជូនគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចដឹកយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកែប រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ពេលក្រោយ៕

មតិយោបល់