ព័ត៌មានបច្ចេកវិទ្យា

Huawei Mate 9 រចនាបថ Porsche បំពាក់អេក្រង់កោង ទីបំផុត បើកឱ្យបញ្ជាទិញហើយ ក្នុងតម្លៃ ១៤៨៩$

ប្រសិនបើលោកអ្នកកំពុងរង់ចាំយ៉ាងអន្ទះសារដើម្បីបានទូរស័ព្ទដៃ Huawei Mate 9 រចនាបថរថយន្ត Porsche ដែលបានប្រកាសលើកដំបូងនៅចុងឆ្នាំ 2016 មកកាន់ក្នុងដៃនោះ ឥឡូវនេះ វាត្រូវបានបើកឱ្យសាធារណៈជនកម្ម៉ង់ទិញជាមុនហើយ ជាមួយតម្លៃប្រហែល ១,៤៨៩ ដុល្លារសហរដ្ឋ។

រចនាបថដ៏ប្រណិតបែបនេះ មិនត្រូវបានផ្លាស់ប្តូរសមាភាពផ្សំផ្នែក Hardware ច្រើនខុសពី Huawei Mate 9 ធម្មតានោះទេ។ ពោលគឺ វានៅតែប្រើប្រាស់បន្ទះឈីប Kirin 960 ជំនាន់ Octa-core ដើរដោយប្រព័ន្ធ Android 7.0 Nougat ប្រើផ្ទាំងដំណើរការកម្មវិធី EMUI 5.0 កាមេរ៉ាក្រោយភ្លោះទំហំ ២០/១២ មេហ្គាភិចសែល និងមុខទំហំ ៨​ មេហ្គាភិចសែល និងថ្មថាមពល ៤,០០០ មីល្លីអំព៊ែរ ដដែល។

អ្វីដែលខុសគ្នាប្លែកនោះគឺ វាបំពាក់អេក្រង់កោងនៅគែមសងខាងទំហំ ៥.៥ អីុញ ខ្នាត QHD ខុសពី Mate 9 ទូទៅ ដែលមានអេក្រង់រាបស្មើទំហំ ៥.៩ អីុញ។ ក្រោពីនេះ វាមានអង្គចង់ចាំជាប់ម៉ាស៊ីនទំហំ ២៥៦ ជីហ្គាប៉ៃយ និង RAM ទំហំ ៦ ជីហ្គាប៉ៃយ៍ ដែលខុសពី Mate 9 រចនាបថធម្មតា​ ដែលមានអង្គចង់ចាំជាប់ម៉ាស៊ីនត្រឹមតែ ៦៤ ជីហ្គាប៉ៃយ និង RAM ទំហំ ៤ ជីហ្គាប៉ៃយ៍។

Huawei Mate 9 រចនាបថ Porsche ក៏មានលក្ខណៈខុសប្លែកលើ Software មួយចំនួនតូចផងដែរ ដោយប៊ូតុងចុចលើអេក្រង់របស់វា ត្រូវបានដាក់ជំនួសដោយប៊ូតុង “back” និង “recent apps” នៅសងខាងប៊ូតុង Home ហើយចំណែកផ្ទាំងកម្មវិធីប្រើប្រាស់ទៀតសោត ក៏មានការផ្លាស់ប្តូរសម្រាប់អេក្រង់កម្រិតគុណភាពខ្ពស់របស់ទូរស័ព្ទផងដែរ ដោយរួមជាមួយ Theme ពណ៌ខ្មៅៗ ដែលតំណាងឱ្យអំណាច និងទ្រព្យសម្បត្តិស្តុកស្តម្ថ។

សម្រាប់ការដឹកជញ្ជូនទៅដល់ដៃអតិថិជន ត្រូវបានគ្រោងចាប់ផ្តើមពីថ្ងៃទី ៣១ ខែមករា។ គេមិនច្បាស់ថា តើម៉ូដែលដែលមានរចនាបថដ៏ប្រណិតនេះ ត្រូវបានផលិតចេញចំនួនប៉ុន្មានគ្រឿងនោះទេ ប៉ុន្តែ គេរំពឹងថា វាមានកម្រិត ហើយនឹងចេញលក់នៅលើទីផ្សារតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ចំណែកឯតម្លៃក៏ខ្ពស់ខុសពីម៉ូដែលធម្មតា ផងដែរ៕

ប្រភពព័ត៌មាន៖ androidauthority

មតិយោបល់